Home / កម្មវិធីសំខាន់ / គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

សិស្សទូទៅក៏ដូចជាមាតាបិតាសិស្ស តែងចង់ឲ្យខ្លួនពូកែនៅក្នុងការសិក្សា ដើម្បីមានកេរ្តិ៍ឈ្មោះជាសិស្សឆ្នើម ជួយលើកមុខមាត់ក្រុមគ្រួសារវង្សត្រកូល ជាពិសេស គឺឈានទៅសម្រេចបានជោគជ័យធំៗក្នុងជីវិត។ ខាងក្រោមវាជាគន្លឹះងាយៗទេ តែវានឹងធ្វើឲ្យប្អូនៗក្លាយជាសិស្សឆ្នើមបាន ៖

១- មើលមេរៀនជាមុន៖ មិនថាពេលនេះ ប្អូនជាសិស្សខ្សោយប៉ុណ្ណានោះទេ ការអានមេរៀនមុនពេលគ្រូបង្រៀន មានប្រយោជន៍ណាស់ បើទោះជាយើងអានហើយមិនយល់ក៏ដោយ ព្រោះយ៉ាងហោចណាស់ ប្អូននឹងទទួលបានលទ្ធផលពីរយ៉ាង គឺ៖ ទី១ គឺយើងនឹងដឹងមុន ថាតើមេរៀនថ្មីនោះគេនិយាយពីអ្វី ។ ទី២ យើងដឹងថា មានចំណុចណាខ្លះ ដែរអ្នកមិនយល់ នៅឆ្ងល់ ឬស្រពិចស្រពិល។

២- យកចិត្តទុកដាក់ពេលគ្រូបង្រៀន៖ វាគឺជារឿងសំខាន់ខ្លាំងណាស់ ចូរប្រមូលអារម្មណ៍ស្តាប់ ហើយចាត់ទុកពេលវេលាគ្រូបង្រៀន   ប្រៀបបាននឹងសមយុទ្ធ ឬការហាត់ប្រកួតមួយ។ បើអ្នកធ្វេសប្រហែសតែបន្តិច អ្នកអាចនឹងរងរបួសស្រាល ឬធ្ងន់ បើទោះជាវាមិនមែនជាការប្រយុទ្ធពិតក៏ដោយ។ មិនខុសអ្វីពីការរៀនសូត្រនោះទេ ប្អូនអាចនឹងរំលងគន្លឹះពិសេសណាមួយ (ដែលប្អូនអាចត្រូវចំណាយពេលជាច្រើនថ្ងៃ/ខែ ដើម្បីស្រាវជ្រាវវា) ដោយសារតែការរវើរវាយតែ២-៣នាទីតែប៉ុណ្ណោះ។ មនុស្សម្នាក់ៗតែងមានបញ្ហានៅក្នុងចិត្ត ប៉ុន្តែយើងត្រូវគ្រប់គ្រងវាឲ្យបាន ពុំនោះទេយើងនឹងក្លាយជាទាសករនៃបញ្ហាមិនខាន។

៣- កត់ត្រាគោលសំខាន់៖ មានប្អូនៗជាច្រើន បានចំណាយពេលយ៉ាងច្រើន សម្រាប់ការអានមេរៀនឲ្យចាំស្ទាត់ដូចក្នុងសៀវភៅគ្មានបាត់មួយម៉ាត់។ ការព្យាយាម វាជារឿងល្អ ប៉ុន្តែការធ្វើបែបនេះ វាចំណាយពេលអស់ច្រើន និងងាយភ្លេចទៅវិញ ព្រោះខួរក្បាលយើងត្រូវផ្ទុកនូវរឿងច្រើនណាស់ ហើយយើងត្រូវប្រើវាពេញមួយជីវិត។ ដូច្នេះ យើងត្រូវចេះជួយសម្រួលការងាររបស់ខួរក្បាល ដោយគូសសម្គាល់ (highlight) តែចំណុចសំខាន់នៃមេរៀន ឬកត់គន្លឹះតូចៗនៅផ្នែកខាងឆ្វេងដៃនៃទំព័រសៀវភៅសរសេរ។

៤- រំឭកឡើងវិញពេលចុងម៉ោង៖ មើលមេរៀនដែលបានកត់ត្រាឡើងវិញ ឲ្យបានឆាប់តាមដែលអាច (ក្នុងថ្ងៃតែមួយបន្ទាប់ពីរៀនរួច)។​ ការរំឮកមេរៀនភ្លាមៗនេះ នឹងជួយឲ្យប្អូនកាន់តែយល់ច្បាស់ និងចងចាំបានល្អ។ ការខកខានក្នុងរវាង១-២ថ្ងៃបន្ទាប់ នឹងធ្វើឲ្យអ្នកភ្លេចនូវចំណុចជាច្រើន មានពេលខ្លះមិនយល់នូវកំណត់ត្រាសង្ខេបរបស់ខ្លួនទៀតផង។

៥- ព្យាយាមស្រាយ ឬឆ្លើយសំនួរពាក់ព័ន្ធ៖ ត្រូវស្វែងរកលំហាត់ ឬស្រាវជ្រាវអត្ថបទបន្ថែម ពាក់ព័ន្ធនឹងមេរៀនដែលរៀនរួច ជាពិសេសលើមេរៀនដែលមិនសូវយល់ច្បាស់។ រៀនស្រាយលំហាត់ ឬឆ្លើយសំនួរទាំងនោះ ហើយរៀនបង្កើតសំនួរដោយខ្លួនឯង ដើម្បីជាឈានទៅស្រាវជ្រាវបន្តទៀត ពោលគឺ ត្រូវបង្រៀនខួរក្បាលអ្នកឲ្យស្រេកឃ្លានចង់ចេះ ចង់ដឹង ដូចដែលអ្នកឃ្លានអាហារដូច្នោះដែរ។ បើអ្នកជាមនុស្សខ្ជិលបរិភោគ អ្នកនឹងគ្មានអារម្មណ៍ថានឹកចង់អាហារនោះទេ តែបើអ្នកជាមនុស្សចូលចិត្តបរិភោគវិញ តែងនឹកឃ្លានមិនឈប់។ ខួរក្បាលយើងក៏ដូចគ្នា បើយើងមិនព្យាយាមបង្កើតចម្ងល់ បង្កើនការងារឲ្យខួរក្បាលទេនោះ សាច់ដុំខួរក្បាលនឹងចុះខ្សោយទៅៗជាមិនខាន។ កាន់តែបរិភោគ កាន់តែឃ្លាន កាន់តែគិត កាន់តែពូកែនិងឆ្លាតវៃ

៦- ស្វែងរកជំនួយក្នុងការដោះស្រាយបញ្ហា៖ រាល់លំហាត់ ឬចម្ងល់នានាដែលប្អូនមិនអាចស្រាយចេញ ព្យាយាមរកអ្នកប្រឹក្សា ដូចជាសូមជួបគ្រូរបស់ប្អូនដើម្បីផ្តល់ការពន្យល់ ឬក៏សួរមិត្តភក្តិរួមថ្នាក់/ក្រុម ជាដើម។

គន្លឹះទាំង៦នេះ វាសមញ្ញ​ទេ តែវាមានប្រសិទ្ធភាពណាស់បើប្អូនៗអនុវត្តវាឲ្យបានខ្ជាប់ខ្ជួន។ សូមជូនពរប្អូនៗគ្រប់គ្នា សម្រេចបានជោគជ័យក្នុងការសិក្សាឆ្នាំថ្មីនេះ៕

រៀបរៀង៖ សុរភី

Loading...

Check Also

ក្តៅៗ! អ្នកណាខ្លះចង់បានភ្នាក់ងារសម្ងាត់?

ប្រមាណជា១ម៉ោងមុននេះ គេហទំព័រ BBC បានបង្ហាញពីកម្មវិធីដ៏ថ្មីស្រឡាងមួយ ដែលមានឈ្មោះថា “Naked selfie-detecting app”។ កម្មវិធីនេះត្រូវបានគេ បង្កើតឡើង ក្នុងគោលបំណងជួយដល់មាតាបិតា តាមដានដល់់សុវត្ថិភាពកូនៗរបស់ពួកគេ ដោយកម្មវិធីនេះនឹងឲ្យសញ្ញាទៅឪពុកម្តាយ ពេលដែលកូនគេថត ឬទទួលសារជារូបភាពអាក្រាត …