Home / កម្មវិធីសំខាន់ / តើគួរពិសារស្រាថ្នាំឬទេ?

តើគួរពិសារស្រាថ្នាំឬទេ?

មានការនិយមតៗគ្នាពីបុរាណមក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ជឿថាការពិសារស្រាត្រាំផ្លែឈើគ្រប់មុខ ឫស​ឈើ សម្បក​ឈើ និង​សត្វ ជាដើម អាចជួយពង្រឹងសុខភាព ពិសារបាយបាន សម្រាន្តលក់ស្រួល ជាពិសេសស្ត្រី​ទើប​សម្រាល​កូន​រួច ធ្វើឲ្យសាច់ស្អាត និងជួយដល់សរសៃខ្ចីជាដើម។ តើការយល់​បែបនេះត្រឹមត្រូវឬទេ?

យោងតាមមន្ត្រី​សុខាភិបាលបាន​អះអាង​ថា សុរា​ដែល​គេ​យក​មកត្រាំ​លាយ​ជាមួយ​សារធាតុ​ផ្សេងៗ វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ទៅ​វិញទេ។​ ក្នុងកម្មវិធីសុខភាពរបស់វិទ្យុអាស៊ីសេរី លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ថា គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​ពី​ក្រសួង​សុខាភិបាល ឬ​មាន​ឯកសារ​វិទ្យាសាស្ត្រ​ណា​មួយ​បាន​ទទួល​ស្គាល់​ថា ការ​ប្រើប្រាស់​ស្រា​ស​ត្រាំ​ជាមួយ​ផ្លែ​ឈើ​ ​ពន្លៃ ទឹក​ឃ្មុំ ឫស​ឈើ សម្បក​ឈើ និង​សត្វ​ជាច្រើន​មុខ​នោះ នឹង​ក្លាយ​ជា​ឱសថ​ដ៏​មាន​ប្រសិទ្ធភាព​នោះ​នៅ​ឡើយទេ។ លោក​ពន្យល់​ថា អ្នកពិសា​រស្រាប្រឈមទៅនឹង​ការ​ខូច​ថ្លើម មាន​ជំងឺ​ក្រពះ ជំងឺ​ប្រព័ន្ធ​ប្រសាទ ជំងឺ​លើស​ឈាម និង​ជំងឺ​ទឹកនោម​ផ្អែម។ល។ ឯ​ស្ត្រី​មាន​ផ្ទៃពោះ អាច​នឹង​ទទួល​រង​នូវ​ការ​ធ្លាក់​ឈាម​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ និង​ស្ត្រី​សម្រាល​កូន​រួច ដែលកំពុង​បំបៅ​ដោះ​កូន នឹង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទារក ដែល​មាន​ដូចជា ធ្វើ​ឲ្យ​ទារក​ឈឺ​ភ្នែក រាគ ទទួល​រង​នូវ​សារធាតុ​ញៀន ប៉ះពាល់​ដល់​ប្រាជ្ញា​ស្មារតី និង​ខូច​ថ្លើម​ទារក ជាដើម។ លោកសង្កត់ធ្ងន់ថា​ យើង​អត់​បានធ្វើការ​សិក្សាទេ ប៉ុន្តែ​ធម្មតា​តែ​យើង​លាយ​ប្រមាត់ ផ្លែ​ឈើ ឬ​ក៏​សម្បក​ឈើ គ្រប់​ប្រភេទបែបនោះ វា​អាច​ផលិត​ចេញ​ទៅ​ជា​សារធាតុ​ផ្សេង​ដែល​យើង​មិន​ដឹង។ វាអាចធ្វើឲ្យពុល ឬជួនកាលវា​អាច​ប៉ះពាល់​​សុខភាព​យូរ​អង្វែង​ ដែល​យើងមើលមិន​ឃើញ​ភ្លាមៗ​ទេ។ ដូច្នេះយើងគួរតែយកចិត្តទុកដាក់​មែនទែន ពីព្រោះ​ជា​របស់​ដែល​ញ៉ាំ​ចូល​ទៅ​ក្នុង​ពោះ មិន​មែន​ក្រៅ​ខ្លួន​ទេ ហើយ​វា​បម្លែង​ចូល​ក្នុង​ឈាម​របស់​យើង វា​អាច​ប៉ះពាល់​សុខភាព​របស់​យើង​រយៈពេល​ខ្លី និង​រយៈពេល​វែង»។ លោកក៏បានបញ្ជាក់ដែរ​ថា ប្រសិនបើមានអាការ ឬ​រោគ​សញ្ញា​នៃ​ការ​ពុល​ មាន​ដូចជា​ថប់​ដង្ហើម ណែន​ទ្រូង ស្រវាំង​ភ្នែក ឈឺ​ពោះ ឈឺ​ក្បាល ឈឺ​ទ្រូង អស់​កម្លាំង ជាដើម សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត។ ប៉ុន្តែ​បើមានសភាព​ធ្ងន់ធ្ងរ​ជាង​នេះ អ្នក​ជំងឺ​អាច​សន្លប់​បាត់​ស្មារតី ឬ​ឈាន​ដល់​ការ​ដាច់​ខ្យល់​ស្លាប់​ក៏​មាន ដូច្នេះសូម​អញ្ជើញ​ទៅ​មណ្ឌល​សុខភាព គេ​នឹង​មាន​របៀប​គេ​ព្យាបាល​ និងមាន​ឱសថ​មួយ​ចំនួន​ដែល​អាច​កាត់​បន្ថយ​ការ​ពុល​នេះ

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ ក៏បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្វែង​យល់​តាម​រយៈ​សារ​អប់រំ​របស់​ក្រសួង​សុខាភិបាល ជៀសវាង​ជឿ​តាមព័ត៌មានដែលគ្មានមូលដ្ឋាននៅលើ​បណ្ដាញ​សង្គម ឬ​ហ្វេសប៊ុក (Facebook) ដែល​ចេះ​តែ​ផ្សព្វផ្សាយ និង​ចែកចាយ​បន្ត​មិន​បាន​ត្រឹមត្រូវ។ សូម​សំណូមពរ​ថា មុន​នឹង​បង​ប្អូន​ជឿ​ទៅ​លើ​បណ្តាញសង្គម គួរ​តែ​ធ្វើ​ការ​សិក្សា​តាមដាន​ព័ត៌មាន​ពី​សុខាភិបាល ដែល​ជា​ព័ត៌មាន​ត្រឹមត្រូវ ហើយ​ពិត​ប្រាកដ»

យើងនៅចាំបានថាកាលពី​ដើម​ខែ​វិច្ឆិកា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៦ មាន​មនុស្ស ៩២​នាក់ បាន​ពុល​ស្រា​ស​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី ១៥​នាក់​ស្លាប់ និង​អ្នក​ឈឺ​ដោយសារ​ពុល​ស្រា​ស​ចំនួន ៧៧​នាក់ នៅ​ឃុំ​ក្ដុលសែនជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង។ បញ្ហា​នេះ មជ្ឈមណ្ឌល​ជាតិ​ពិសោធន៍​សុខាភិបាល​នៃ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ជាតិ​ពុល ឬ​មេតាណុល​កម្រិត​ខ្ពស់ បណ្ដាល​ឲ្យ​អ្នក​ផឹក​ពុល​ដោយសារ​ការ​ផ្សំ​ផលិត​ស្រា​គ្មាន​បច្ចេកទេស។

ភ្នំពេញញូវ យល់ថាបុរាណមិនយឺត សម័យក៏មិនបានន័យថាជ្រុលពេកដែរ។ យើងពិបាកធៀបសម័យកាលមួយដែលពោរពេញ​ទៅដោយបច្ចេកវិទ្យានិងគីមីសាស្រ្ត ទៅនឹងសម័យកាលដែលមានតែធម្មជាតិណាស់។ បុរាណលោកចំរាញ់ស្រាពីអង្ករ តែបច្ចុប្បន្នគេលាយទឹកជាមួយសារធាតុគីមី។ ការដាំដំណាំទៀតសោត ក៏តាមរយៈការបង្កាត់ពូជនិងប្រើជីគីមី។ យើងមិនមែនមិនជឿលើការព្យាបាល​បែបខ្មែរបុរាណនោះទេ តែយើងគ្មានតម្រាត្រឹមត្រូវដែលអាចទុកចិត្តបាន។ ​ស្ត្រី​មួយ​ចំនួន​មិនចេះពិសារស្រាទេ តែនៅក្រោយ​សម្រាលកូន​រួច ក៏ក្លាយជាអ្នកញៀនស្រាផ្តាច់មិនបាន។ ព្រះពុទ្ធអង្គនៃយើងក៏បានទូន្មានជនប្រុសស្រីផងដែរ ឲ្យយើងវារចាកនូវសុរាមេរិយ ព្រោះថា វាមិនមែនត្រឹមតែប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ តែវាជាកត្តាដ៏ធំមួយ ដែលតែងនាំទៅដល់អំពើរហឹង្សានិងការប្រេះឆា​ក្នុងក្រុមគ្រួសារ និងបង្កបញ្ហាជាច្រើនដល់សង្គមជាតិផងដែរ។

អត្ថបទមួយនេះគ្រាន់តែជាជំនួយស្មារតីសម្រាប់មិត្តអ្នកអានទុកជាការពិចារណាតែប៉ុណ្ណោះ ឯការសម្រេចចិត្តគឺស្ថិតលើបុគ្គលរៀងៗខ្លួនជាអ្នកសម្រេចទៅចុះ។ យើងខ្ញុំស្វាគមន៍ជានិច្ចនូវរាល់ការបញ្ចេញមតិរបស់ប្រិយមិត្ត៕

Loading...

Check Also

គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

សិស្សទូទៅក៏ដូចជាមាតាបិតាសិស្ស តែងចង់ឲ្យខ្លួនពូកែនៅក្នុងការសិក្សា ដើម្បីមានកេរ្តិ៍ឈ្មោះជាសិស្សឆ្នើម ជួយលើកមុខមាត់ក្រុមគ្រួសារវង្សត្រកូល ជាពិសេស គឺឈានទៅសម្រេចបានជោគជ័យធំៗក្នុងជីវិត។ ខាងក្រោមវាជាគន្លឹះងាយៗទេ តែវានឹងធ្វើឲ្យប្អូនៗក្លាយជាសិស្សឆ្នើមបាន ៖ ១- មើលមេរៀនជាមុន៖ មិនថាពេលនេះ ប្អូនជាសិស្សខ្សោយប៉ុណ្ណានោះទេ ការអានមេរៀនមុនពេលគ្រូបង្រៀន មានប្រយោជន៍ណាស់ …