Home / កម្មវិធីសំខាន់ / តើត្រូវជ្រើសរើសទិញចំណីអាហារយ៉ាងណាឲ្យមានសុវត្ថិភាព

តើត្រូវជ្រើសរើសទិញចំណីអាហារយ៉ាងណាឲ្យមានសុវត្ថិភាព

គ្រប់គ្នាសុទ្ធត្រូវជ្រើសរើសចំណីអាហារឆ្អិនស្រាប់ ឬក៏អាហារក្រៅផ្ទះម្តងម្កាលដោយខានមិនបាន ព្រោះតែភាពមមាញឹកក្នុងការងារប្រចាំថ្ងៃ ហើយក៏មានចំណីអាហារខ្លះដែល​យើងមិនអាចធ្វើវាដោយខ្លួនឯង ដោយសារខ្វះឧបករណ៍ មិនដឹងពីគ្រឿងផ្សំជាដើម។ ហេតុនេះ យើងគ្រប់គ្នាគួរស្វែងយល់ ថាតើគួរជ្រើសទិញអាហារបែបណាទើបមានសុវត្ថិភាព និងបញ្ជៀសបានពីផល​ប៉ះពាល់​ដល់​សុខភាព? ខាងក្រោមនេះជាអ្វីដែលលោកអ្នកគួរយកចិត្តទុកដាក់៖

 

  • រក​មើល​សញ្ញា​ចុះ​បញ្ជី ៖ ​ស្តិត​នៅ​ក្នុង​រង្វង់​មូល ដែល​សរសេរ​អក្សរ​កាត់​ថា ច.ប.ផ ដែល​មាន​ន័យ​ថា ចុះ​បញ្ជី​ផលិតផល ដើម្បីប្រាកដថាផលិតផល​នោះ​ពិត។ សញ្ញា​ស្តង់ដារ​ដែល​មាន​សរសេរ​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស អាយ.អេស.អូ (ISO) ។
  • កាលបរិច្ឆេទ​នៃ​ការ​ផលិត និង​ថ្ងៃ​ផុត​កំណត់៖ ការបរិច្ឆេទមានពីរប្រភេទដែលមាននៅបាតដប កំប៉ុង ឬកញ្ចប់។ ១- ផុតកាលកំណត់ប្រើប្រាស់ “Expired date” ដែលលោកអ្នកត្រូវតែបោះវាចោលភ្លាម តាមការបរិច្ឆេទនោះ។ ២- គុណភាពល្អនៅមុនថ្ងៃ “Best before” មានន័យថាផលិតផលនោះអាចប្រើបានដោយមិនប៉ះពាល់សុខភាពទេ តែវាគ្រាន់ថយគុណ​ភាពដូចជាខ្សោយក្លិន ឬក៏ពណ៌សម្បុរ។ កាលបរិច្ឆេទប្រភេទទី២នេះ ច្រើនមាននៅលើរបស់ក្រៀមដូចជាគ្រឿងទេស គ្រាប់់ធញ្ញជាតិជាដើម។
  • ការវេចខ្ចប់៖ យើងត្រូវមើលថា តើផលិតផលនេះវេចខ្ចប់ត្រឹមត្រូវឬទេ? ប្រភេទផលិតផលខ្លះត្រូវបឺតខ្យល់ចេញពេលវេចខ្ចប់ តែ​មានផលិតផលខ្លះតម្រូវឲ្យ​បញ្ចូល​ឧស្ម័ន។ ជាទូទៅ សម្រាប់​ប្រភេទ​សាច់ ដូចជា​សាច់​ក្រក សាច់​ជ្រូក សាច់​គោ​ងៀត ជាដើម អ្នក​ផលិត​គេ​ត្រូវ​ដក​ឧស្ម័ន ឬ​ខ្យល់​ចេញ ព្រោះខ្យល់ ងាយធ្វើឲ្យសាច់ទាំងនោះបង្កើនមេរោគ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ប្រភេទ​អាហារ​វេច​ខ្ចប់​ខ្លះ​ដូចជា នំ ឬ​គ្រាប់​ធញ្ញជាតិ អ្នក​ផលិត​ត្រូវ​បញ្ចូល​ខ្យល់​ទៅក្នុង​កញ្ចប់ឲ្យ​មាន​សភាព​ប៉ោង។ ឧស្ម័ន​អុកស៊ីហ្សែន​ កាលណា​វា​ប៉ះ​ជាមួយ​បាក់តេរី​ក្នុង​ម្ហូប​អាហារ​ វា​រស់​និង​បន្ត​ពូជ​បានយ៉ាងឆាប់រហ័ស ដូច្នេះគេ​បឺត​អុកស៊ីហ្សែន​ចេញ រួច​គេ​បញ្ចូល​អាសូត​ចូល​ក្នុង​ហ្នឹងឲ្យវាប៉ោងវិញ ដើម្បី​ឲ្យ​វា​កាត់​អុកស៊ីហ្សែន​ក្នុង​ហ្នឹង​ឲ្យ​អស់
  • សភាព​ដបឬកំប៉ុងកំពិត៖​ បើការវៀចកំពិតដោយការដឹកជញ្ជូន វាមិនបណ្តាលឲ្យប៉ះពាល់ដល់គុណភាពផលិតផលទេ។ តែយើងត្រូវពិនិត្យវាឲ្យច្បាស់ ដើម្បីប្រាកដថាវាគ្មានស្នាមធ្លុះធ្លាយ ឬច្រែស ព្រោះបាក់តេរីអាចជ្រៀតចូលបានដោយងាយ។
  • ទន្ទឹម​នឹង​ការ​យល់​ដឹង​ពីផលិតផលដែលវេចខ្ចប់ស្រាប់ ​លោក​អ្នក​ក៏ត្រូវប្រុង​ប្រយ័ត្នចំពោះចំណីអាហារ ដែលដាក់តាំងលក់ ដោយគ្មានអនាម័យ ​មាន​រុយ​រោម ហុយ​ធូលី​ដី និង​កាក​សំណល់​ផ្សេងៗ។ ចំណី​អាហារ​ផ្អាប់ ក៏ជាប្រភព​ចម្លង​មេរោគ និង​សត្វ​ល្អិតផងដែរ។ អ្នកលក់គួរដាក់លក់ចំណីអាហារ ឲ្យឆ្ងាយពី​ផលិតផល​គីមីដូចជា សាប៊ូ ជី​កសិកម្ម ថ្នាំ​សម្លាប់​សត្វ​ល្អិត ជាដើម។
  • ​លោក​អ្នកត្រូវពិចារណាចំពោះបន្លែ ផ្លែឈើ ដែលមានសភាពស្រស់បំព្រង ស ភ្លឺ ដែលអាចនឹងមាន​ការ​ប្រើប្រាស់​ជាតិ​គីមី​ហាមឃាត់។
  • គួររំឭកផងដែរ លោកអ្នកគួរតែប្រើប្រាស់​អំបិល​ដែល​មាន​ជាតិ​អ៊ីយ៉ូដ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ចំពោះការលូតលាស់ទាំងរាងកាយនិងប្រាជ្ញារបស់កុមារ និងមនុស្សធំ។ ចំពោះស្រ្តីមានផ្ទៃពោះ អាចទទួលទានជាតិអ៊ីយ៉ូតបន្ថែម ដើម្បី​ទារកមានការលូតលាស់ល្អ និងឆ្លាតវៃ។

សង្ឃឹមថាអត្ថបទនេះ អាចជួយដល់លោកអ្នក ជាពិសេសសុភាពនារីជាមេផ្ទះទាំងឡាយ យល់ដឹងបន្ថែមពីការជ្រើសរើសចំណីអាហារសម្រាប់ក្រុមគ្រួសារដ៏គួរឲ្យស្រឡាញ់របស់លោកអ្នក។

ចងក្រង៖ សុរភី 

 

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …