Home / ព័ត៌មានអន្តជាតិ / បញ្ហាកុមារលើសទម្ងន់ បានក្លាយប្រធានបទចម្បងរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន

បញ្ហាកុមារលើសទម្ងន់ បានក្លាយប្រធានបទចម្បងរបស់ប្រទេសអភិវឌ្ឍន៍មួយចំនួន

បច្ចុប្បន្នមាតាបិតា​មួយចំនួនធំ មមាញឹកនឹងការងាររកទទួលទានប្រចាំថ្ងៃ ពួកគេតែងប្រគល់ភារៈមើលថែ និងផ្គត់ផ្គង់ចំណីអាហារបុត្រធីតារបស់ខ្លួន ទៅឲ្យសាលារៀនទទួលបន្ទុកជំនួសវិញ។ តើមធ្យោបាយមួយនេះ មានគុណសម្បត្តិ និងគុណវិបត្តិបែបណាខ្លះ?

ដោយអ្នកចាត់ចែងអាហារមានចំនួនតិច ឯសិស្សមានចំនួនច្រើន និងចេះតែកើនជាលំដាប់ ពួកគេចូលចិត្តជ្រើសយកអាហារដែលងាយៗ ដើម្បីសម្រួលដល់ការងាររបស់ពួកគេ។ ជំនួសឲ្យសាច់ស្រស់ គេជ្រើសរើសសាច់ក្រក សាច់ងៀត អាហារកំប៉ុង ទឹកផ្លែឈើ ភេសជ្ជៈនានា ដែលអាចរក្សាទុកបានយូរ ងាយបម្រុងពេលខ្វះខាតផងដែរ។ អាហារកែឆ្នៃទាំងនោះ ត្រូវបានគេរកឃើញថា បណ្តាលឲ្យមានបញ្ហាសុខភាពជាច្រើនដូចជា ជំងឺធាត់ មហារីក ទឹកនោមផ្អែម …។


យោងតាមគេហទំព័ររបស់ ប៊ីប៊ីស៊ីដែលបានចេញផ្សាយកាលពីថ្ងៃទី ២០ មេសា ២០១៧ ម្សិលមិញនេះ បានឲ្យដឹងថា ក្រុមប្រយុទ្ធប្រឆាំងការលើសទម្ងន់របស់ជនជាតិស្កុត Obesity Action Scotland (OAS) បានធ្វើយុទ្ធនាការមួយ ស្នើឲ្យសាលារៀនផ្តោតការយកចិត្តទុកដាក់ លើរបបចំណីអាហារកុមារ ដោយធ្វើយ៉ាងណាត្រូវផ្តល់ឲ្យពួកគេនូវបន្លែ ផ្លែឈើស្រស់ ជាជាងអាហារ ឬនំចំណីដែលមានរសជាតិផ្អែម។ ក្រុមនេះបន្តថា ការធ្វើឲ្យប្រសើរឡើងនូវរបបអាហារតាមសាលារៀន វាពិតជាមានតួនាទីចម្បងក្នុងការកាត់បន្ថយការលើសទម្ងន់របស់កុមារ ហើយពួកគេក៏ចង់លើកពីបញ្ហានេះ ដាក់ជូនក្រុមប្រឹក្សារៀបចំការបោះឆ្នោតនៅក្នុងពីរសប្តាហ៍ខាងមុខនេះផងដែរ។

រដ្ឋាភិបាលស្កុតបានថ្លែងថា ការពិនិត្យឡើងវិញនូវរបបអាហារ និងភេសជ្ជៈនៅតាមសាលារៀន កំពុងតែដំណើរការ។ ក្រុម OAS នេះ បានអំពាវនាវដល់បេក្ខជនដែលឈរឈ្មោះបោះឆ្នោតក្នុងតំបន់និមួយៗ ធ្វើយ៉ាងណាប្តេជ្ញាកែទម្រង់របបអាហារតាមសាលារៀនក្នុុងប្រទេសមួយនេះ ពីអ្វីដែលគេហៅថាជា “វប្បធម៌ផ្តល់អាហារ” មកជា “វប្បធម៌បរិភោគអាហារ” ដោយអនុវត្តតាមសកម្មភាពដូចខាងក្រោម៖

  1. ប្រើប្រាស់អាហារដែលគ្មានការកែឆ្នៃ ឬប្រើអាហារកែឆ្នៃក្នុងកម្រិតទាបបំផុត​ តាមដែលអាចធ្វើទៅបាន
  2. ផ្តល់អទិភាពបន្លែ ផ្លែឈើ និងស៊ុប ឲ្យច្រើនជាងអាហារដែលមានជាតិផ្អែម ឬបង្អែម
  3. ផ្តើមចេញពីអាហារគ្មានជាតិស្ករ ឈានទៅរកគោលដៅរបស់ប្រទេសស្កុតឡេន ស្តីពីរបបអាហារសុខភាព
  4. បង្កើតទិដ្ឋភាពជាវិជ្ជមាន រួមនឹងបរិយាកាសសង្គម សម្រាប់របបអាហារនៅសាលារៀន។

បើទោះជាកម្ពុជា មិនទាន់មានសញ្ញាប្រកាសអាសន្ន ស្តីពីកុមារលើសទម្ងន់ក៏ដោយក្តី មាតាបិតាក៏មិនគួរមើលរំលងនូវអនាម័យ និងសារធាតុនានាក្នុងចំណីអាហារនោះទេ ជាពិសេសសារធាតុផ្សំដែលបន្ថែមរសជាតិ ពណ៌ និងក្លិនជាដើម ព្រោះវាជាកត្តានាំមកនូវបញ្ហា​សុខភាពជាច្រើនផងដែរ៕

 

 

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …