Home / កំសាន្ត / បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។ 

ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ ត្រូវបានប្រជាពលរដ្ឋជិតឆ្ងាយមានជំនឿតៗគ្នាថា បានជួយសម្រេចនូវបំណងប្រាថ្នារបស់ពួកគេក្នុងការប្រកបមុខរបរ រកទទួលទានមានបាន កាក់កបជារហូតមក។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះបានឲ្យដឹងថា ប្រមាណជាជាង២០ឆ្នាំមុន មានស្រ្តីម៉េម៉ាយម្នាក់បានរស់នៅកន្លែងមួយនេះ ក៏បានសង់ផ្ទះឈើប្រក់ស្លឹកមួយ។ ក្រោយមកគាត់ក៏បានយល់សប្តិ ឃើញលោកតាម្នាក់មកសុំទិញផ្ទះ ជាថ្នូរនឹងកំណប់ក្រោយផ្ទះ ដែលមានតម្លៃយ៉ាងលើសលុបពីតម្លៃរបស់ផ្ទះមួយនេះ។ លុះព្រឹកឡើង ស្រ្តីនោះក៏បានទៅជីកកំណប់តាមយល់សប្តិ ក៏បានពិតប្រាកដមែន។ បានកំណប់ហើយ ស្រ្តីនោះគាត់នៅតែបន្តរស់នៅលើផ្ទះនេះ មិនព្រមចាកចេញ ក៏ត្រូវខ្មោចតាមទារយកផ្ទះវិញជារៀងរាល់ថ្ងៃ រហូតទាល់តែចុះចេញពីផ្ទះមួយនេះ។ 

ក្រោយមកមានអ្នកដំណើរដែលឆ្លងកាត់ទីនោះ បានមកស្នាក់អាស្រ័យនៅផ្ទះនេះ ក៏ត្រូវបានខ្មោចពន្យល់សប្តិថា “បើចង់ស្នាក់អាស្រ័យឲ្យបានសុខ ត្រូវអុជធូបសុំម្ចាស់ផ្ទះជាមុនសិន ហើយបើមានបំណងប្រាថ្នាអី ត្រូវរៀបដង្វាយឲ្យ នោះលោកនឹងជួយឲ្យបានសម្រេច”។

ដោយសារតែការបន់ស្រន់តែងបានសម្រេច ក៏បានល្បីតៗគ្នាពីមាត់មួយទៅមាត់មួយ ហើយអ្នកស្រុកក៏ប្រសិទ្ធនាមថាជា “ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ” រហូតមក។​​ លុះក្រោយមក​ មានឧកញ៉ាម្នាក់នៅប៉ោយប៉ែត ដែលមានមុខរបរជាអ្នកលក់ផ្ទះ បានមកបន់ស្រន់ បានសម្រេច ក៏បានសង់ផ្ទះថ្មថ្មីនេះថ្វាយ និងមានអ្នកខ្លះបានថ្វាយផ្ទះទេវតា “ព្រះភូមិ” ដែលមកដល់ពេលមានជិត១០០ផ្ទះហើយ។

នេះជារឿងអបិយជំនឿ ការពិតឬមិនពិត ជឿ ឬមិនជឿយ៉ាងណា អាស្រ័យលើមិត្តអ្នកអានពិចារណារ ដោយខ្លួនឯងចុះ៕

 

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយ អាចផ្តួលសត្រូវឲ្យបរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ ការប្រើប្រាស់ល្បិចកលនេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ ហេតុនេះមុននិងក្រោយនៃប្រតិបត្តិការ ត្រូវការរងចាំពេលវេលា ព្យាយាម និងឪកាសសមស្រប ។ គោលគំនិតនិងសកម្មភាពរបស់មនុស្ស …