Home / កំសាន្ត / ប្រវត្តិស្រះ​យក្ខ​ឡោម

ប្រវត្តិស្រះ​យក្ខ​ឡោម

ស្រះ​យក្ខ​ឡោម ជារមណីយដ្ឋានដ៏ពេញនិយមរបស់ភ្ញៀវទេសចរគ្រប់គ្នា ដែលបានទៅកំសាន្តនៅខេត្ត​រតនគិរី ព្រោះទាំងលក្ខណៈ​ភូមិ​សាស្ត្រ និងទេសភាពរបស់របស់ស្រះទាំងមូល ធ្វើឲ្យគេគយគន់មិនចេះជិនណាយ ត្រជាក់ចិត្ត ដិតអារម្មណ៍ ហាក់មិនចង់ចេញពីទីនេះទេ។ ស្រះនេះស្ថិតនៅ​ក្នុង​តំបន់​ឡាបានសៀក ឃុំ​ឡាំងបាង ស្រុក​លំផាត់ ខេត្ត​រតនគិរី។ “ស្រះយក្ខឡោម” ជាឈ្មោះ​ចម្លែក​មួយ ដែលធ្វើមនុស្សម្នាគ្រប់គ្នាចងដឹងពីរឿងរ៉ាវប្រវត្ថិនៃទីកន្លែងមួយនេះ។

មានការបកស្រាយបី ខុសប្លែកពីគ្នា ដែល២រឿងមានលក្ខណៈជាព្រេងនិទាន និងរឿងទី៣មានលក្ខណៈជាប្រវត្តិសាស្រ្ត។

  1. តាំង​ពី​យូរ​លង់​មក​ហើយ មាន​ស្ដេច​ក្រុង​យក្ខ​មួយ មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​ណាស់។ ព្រះ​អង្គ​មាន​ព្រះ​រាជ​បុត្រី​មួយ ស្អាត​លើស​ស្រី​នានា, ទាំង​សក់​ទាំង​រូប​កាយ​របស់​នាង តែង​មាន​ក្លិន​ក្រអូប​ជានិច្ច​ ទើប​យក្ស​ជា​បិតា​ឲ្យ​នាម​បុត្រី​នោះ​ថា : “នាង​សក់​ក្រអូប” ។ លុះ​ដល់​ពេញវ័យ​គ្រប់​ការ ក៏​មាន​មនុស្ស​បុរសក្លាហានម្នាក់ បាន​ចូល​ទៅ​លប​លួច​លួង​លោម​ស្នេហា​ជា​មួយ​នាង ។ ដោយ​ភ័យ​ខ្លាច​ស្ដេច​យក្ខ​ជា​បិតា​ដឹង អ្នកទាំង​ពីរ​ក៏​នាំ​គ្នា​រត់​ទៅក្នុង​ព្រៃ​មួយ ។ ក្រោយ​មក ស្ដេច​ក្រុង​យក្ខ ដឹង​រឿង​រ៉ាវ​នេះ ក៏​ផ្អើល​ឆោឡោ ស្រែក​ឡូឡា កេណ្ឌ​ពល​យក្ខ​ជា​បរិវារ ហោះ​ហើរ​តាម​រក​កូន​សំឡាញ់​ខ្លួន ដល់​មក​ត្រង់​កន្លែង​ព្រៃ​ស្ដុក​នេះ ក៏​មាន​សេចក្ដី​សង្ស័យ​ថា ​បុត្រី​ខ្លួន​នៅ​ទី​នេះ ទើប​បញ្ជា​ឲ្យ​យក្ខ​ជា​កូន​ចៅ យាម​ល្បាត​ព័ទ្ធ​ព្រៃ​នោះ​យ៉ាង​មាំ ហើយ​ឲ្យ​យក្ខ ១ ក្រុម​ទៀត ដក​ព្រៃ​ព្រឹក្សា​គ្រវែង​ចោល ហើយ​នាំ​គ្នា​ជីក​កកាយ​រក​នាង។ តែ​ទោះ​បី​ជីក​យ៉ាង​ណា​ក៏​រក​ពុំ​ឃើញ ទើប​ស្ដេច​ក្រុង​យក្ខ នាំ​បរិវារ​ត្រឡប់​ទៅ​នគរ​ដើម​វិញ ។ អាស្រ័យ​ហេតុ​នេះ ទើប​ស្រះ​មួយនេះមាននាមថា “ស្រះ​យក្ខ​ឡោម” រហូត​ដល់​សព្វ​ថ្ងៃ ។
  2. តាម​សេចក្ដី​និទាន​មួយ​បែប​ទៀត មាន​ន័យ​ជ្រលិះ​គ្នា​ដែរ គឺ​ថា ៖ មាន​ទ័ព​យក្ខ​ដេញ​តាម​ចាប់​បុត្រី​យក្ខ ដូច​រឿង​ខាង​លើ​នេះ​ដែរ ប្លែក​តែ​ខាង​ចុង​ថា កាល​ទ័ព​យក្ខ ឡោម​ព័ទ្ធ​ជុំ​វិញ​ភ្នំ ដែល​នាង​នេះ​នៅ​ពួន​ជ្រក​នោះ​ហើយ នាង​ក៏​យល់​ថា​គ្មាន​ផ្លូវ​ណា​ឲ្យ​គេច​រួច ទើប​នាង​អធិដ្ឋាន​សុំ​ឲ្យ​នាង​លិច​បាត់​ទៅ​ក្នុង​ដី ពេល​នោះ ព្រះ​ធរណី​ក៏​ស្រុត​នាំ​ទាំង​នាង​ស្រី​នោះ​ទៅ​ផង ។ ត្រង់​កន្លែង​ព្រះ​ធរណី​ស្រុត​នោះ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្រះ​ទឹក ដែល​ហៅ​ថា​យក្ខ​ឡោម ។
  3. មាន​សេចក្ដី​ផ្សេង​ពី​នេះ​ច្រើន ដែលទំនង​ជា​រឿង​ពិត​របស់​ភូមិ​ស្រុក​ផង មាន​សេចក្ដី​ថា ៖ ពាក្យពិតត្រូវ​សរសេរ “យាក់​ឡោម” ព្រោះ​ថា ​ពាក្យ “យាក់” ក្លាយ​មក​ពី “យ៉ាក់” ជាភាសា​អ្នក​ស្រុក​នោះ ប្រែ​ថា “មេ ឬនាយ”។ ឯពាក្យ “​ឡោម” ​ជា​ឈ្មោះ​មនុស្ស។ បាន​សេចក្ដី​ថា មាន​នាយ​ក្រុម​ម្នាក់​ឈ្មោះ​ឡោម ជា​អ្នក​ត្រួត​ត្រា​នៅ​ភូមិ​ភាគ​ខាង​ជួរ​ភ្នំ​នោះ ម្ល៉ោះ​ហើយ​អ្នក​ផង ក៏​សន្មត​ហៅ​ឈ្មោះ​ទី​កន្លែង​នោះ​ឯង តាម​នាម និង ងារ​សក្ដិ អ្នក​ត្រួត​ត្រា​នោះ​ទៅ ។ រីឯ​ស្ថាន​ភាព​កន្លែង អ្នក​ស្រាវ​ជ្រាវ​យល់​ថា ទី​ស្រះ​នេះ​ឯង ជា​រន្ធ​ភ្នំ​ភ្លើង​កាល​ពី​សម័យ​បុរាណ ហើយ​ផុត​រលត់​ទៅ នៅ​សល់​តែ​ស្នាម​ដាន។ ហេតុ​នេះ បាន​ជា​មាន​ស្រះ​នោះ ជ្រៅ​ដល់​ទៅ​ជម្រៅ ៧០-៨០ ម៉ែត្រ ហើយ​មាន​រង្វះ​មាត់​មូល​ដូច​ថាស​ព័ទ្ធ​ជុំ​វិញ​សុទ្ធ​តែ​ភ្នំ។

ស្រះ​យក្ខ​ឡោម ជា​ស្រះ​មួយ​មាន​ទឹក​ថ្លា​ឈ្វេង ដែល​មាន​ជម្រៅ​ជាង ៧០ ម. នា​រដូវ​ប្រាំង, បរិវេណជុំវិញ​ប្រហែល ១ គ.ម. រាង​រង្វះ​មូល​ស្មើ ។ នៅ​មាត់​ស្រះ មាន​ដើម​មាក់ប្រេង មាក់ប្រាង សាវម៉ាវ សិរមាន់ ភ្ញៀវ ដុះ​នៅ​ពាស​ពេញ​ក្បែរ​មាត់​ស្រះ គួរ​ឲ្យ​ទស្សនា៕

ដកស្រង់ពីគេហទំព័រ៖ ពុទ្ធសាសនបណ្ឌិត្យ

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …