Home / កម្មវិធីសំខាន់ / របៀប​ដាំ​ដំណាំ​ស្ពៃ​ក្ដោប​ឲ្យបាន​ផល​ល្អ​

របៀប​ដាំ​ដំណាំ​ស្ពៃ​ក្ដោប​ឲ្យបាន​ផល​ល្អ​

ការដាំ​ដំណាំ​ស្ពៃក្ដោប ​ជា​របរ​សំខាន់​មួយដើម្បី​រក​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ឡើយ។ ដំណាំ​ប្រភេទ​នេះ ​ត្រូវ​ចំណាយ​ពេលវេលា​ប្រមាណ​ពី ៣​ខែ​កន្លះ​ទៅ​ជាង ៥​ខែ​ក្នុង​មួយ​រដូវ ទើប​ពួក​គាត់​ទទួល​បាន​ផល ហើយ​មាន​ផ្ទៃ​ដី​តូច​ល្មម​ក៏​អាច​ដាំ​ដំណាំ​នេះ​បាន។​ ដំណាំ​ស្ពៃក្ដោប គឺ​ជា​ប្រភេទ​ដំណាំ​ដែល​ត្រូវ​ការ​ទឹក​ច្រើន​ដើម្បី​ស្រោចស្រព ហើយ​ត្រូវ​មាន​ការ​ថែទាំ​ឲ្យ​បាន​ជា​ប្រចាំ ទើប​វា​ផ្ដល់​ផល​បាន​ល្អ។

កសិករ​ប៊ន ជាង ​ពន្យល់​ពី​របៀប​ដាំ​ស្ពៃក្ដោប​ថា ការ​ដាំ​ស្ពៃក្ដោប​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល​សំខាន់ គឺ​ការ​សាប​កូន និង​ការ​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ។

  • ដំណាក់កាល​សាប​កូន៖ ​ត្រូវ​ភ្ជួរ​ដី​ហាល​ទុក​ពី ៣ ទៅ ៤​ដង ដោយ​ប្រើ​រយៈពេល​ពី ៣​សប្ដាហ៍​ទៅ ១​ខែ។ លោក​បន្ត​ថា នៅ​ពេល​សាប​កូន ត្រូវ​សាប​វា​នៅ​ពេល​រសៀល ដោយ​ធ្វើ​រង​ទទឹងប្រមាណ​ ០.៧ ម រ ដើម្បី​ងាយ​ស្រួល​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ។ មុន​នឹង​សាប​កូន ត្រូវ​ដាក់​ជី​លាមក​គោ​រោយ​នៅ​លើ​ថ្នាល ហើយ​ជ្រោយ​វា​ឲ្យ​សប់ រួច​យក​គ្រាប់​ស្ពៃ​ទៅ​សាប​ម្ដង​មួយ​គ្រាប់​នៅ​ថ្នាល ដោយ​ទុក​ចន្លោះ​ឃ្លាត​ពី​គ្នា​ប្រមាណ ៣​ថ្នាំង​ដៃ។ បន្ទាប់មក ត្រូវ​ចាក់​ទឹក​ពី​លើ​ឲ្យ​សើម រួច​គ្រប​ចំបើង ឬ​សំពត់​ស្បៃចំនួន ១​សប្ដាហ៍។ នៅ​អំឡុង​ពេល​សាប​នេះ ត្រូវ​ស្រោច​ទឹក​វា​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ ហើយ​ត្រូវ​បាញ់​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ឲ្យ​បាន​ពី ៣ ទៅ ៤​ដង​រហូត​ដល់​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ​រយៈពេល​ប្រមាណ ១​ខែ។ នៅពេលដក ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ ដើម្បី​ងាយ​ស្រួល​ដក​មក​បាន​ល្អ វា​មិន​ដាច់​ឫស​ស្ពៃ
  • នៅ​ពេល​ដក​កូន​ស្ពៃ​យក​ទៅ​ដាំ ត្រូវ​ភ្ជួរ​ដី​ហាល​វា​ពី ៣ ទៅ ៤​ដង​ក្នុង​មួយ​ខែ ហើយ​ត្រូវ​ធ្វើ​រង​ទទឹង​ប្រមាណ ១​ម៉ែត្រ ដោយ​ទុក​ចន្លោះ​ផ្លូវ​ដើរ​​ប្រមាណ ៧​តឹក។ លោក​ពន្យល់​ថារបៀប​ដាំ​ស្ពៃ​ក្ដោប​ ត្រូវ​ដាំ​វា​នៅ​ពេល​រសៀល​ទើប​ល្អ ព្រោះ​អាកាសធាតុ​មិន​ក្ដៅ​ខ្លាំង​ពេក។ ត្រូវបុក​រណ្ដៅ​តូច​ល្មម​អាច​ដាក់​កូន​ស្ពៃ​បាន ហើយ​ទុក​ចន្លោះ​ពី​គុម្ព​មួយ​ទៅ​គុម្ពមួយប្រមាណ៤តឹក រួច​យក​លាមក​គោ​លាយ​ជាមួយ​ជីអ៊ុយរ៉េ ដាក់​នៅ​ក្នុង​បាត​រណ្ដៅ ។ លោក​បន្ត​ថា ក្រោយ​ពី​ដាំ​ស្ពៃ​ហើយ ត្រូវ​ចាក់​ទឹក​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ស្ពៃ​លូតលាស់​បាន​ល្អ៖ «វិធីសាស្ត្រ គឺ​បាញ់​ថ្នាំ​ដាក់​ទឹក ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សត្វ​ល្អិត​ចូល​ស៊ី​ដំណាំ​ ហើយ​យើង​ថែ​វា ២​ថ្ងៃ ឬ​៣​ថ្ងៃ យើង​បាញ់​ថ្នាំ​ម្ដង ទៅ​តាម​មាន​សត្វ​ល្អិត​តិច ឬ​ច្រើន និយាយ​រួម​យើង​ត្រូវ​ថែ​វា​ដិតដល់​ណាស់»
  • ក្រោយ​ពី​ដាំ​ស្ពៃ​បាន ១៥​ថ្ងៃ ត្រូវ​កប់​ជី​ដោយ​យក​លាមក​សត្វ​លាយ​ជាមួយ​ជី​កែង​ក៏​បាន ឬ​ជី​ផ្លែ​ក៏​បាន ចំណុះ​ប្រមាណ​មួយ​ក្ដាប់​កូន​ក្មេង​ដាក់​ក្នុង​មួយ​រណ្ដៅ ហើយ​ដាក់​ចម្ងាយ​ពី​គុម្ព​ស្ពៃ​ប្រវែង​ប្រមាណ​មួយ​ចំអាម។

កសិករ ក្រៃ ឃន មានប្រសាសន៍​ថា រដូវ​ដែល​ដាំ​ស្ពៃ​បាន​ផល​ល្អ គឺ​នៅ​រដូវ​ត្រជាក់ ចន្លោះ​ពី​ចុង​ខែ​វិច្ឆិកា ដល់​ខែ​មីនា ក៏ប៉ុន្តែ​លោក​ថា​នៅ​រដូវ​នេះ ភាគច្រើន​ជួប​បញ្ហាតម្លៃ​ស្ពៃ​ធ្លាក់ចុះ​៕

ដកស្រង់៖ វិទ្យុអាស៊ីសេរី

Loading...

Check Also

វិធីផ្សំថ្នាំព្យាបាលសត្វចិញ្ចឹម ជាមួយប្រទាលកន្ទុយក្រពើ

ការផ្លាស់ប្តូរអាកាសធាតុ ឬបរិយាកាស គឺជាក្តីបារម្មណ៍របស់កសិករ ដែលប្រកបរបរចិញ្ចឹមសត្វនានា ព្រោះវាបណ្តាលឲ្យសត្វងាយទទួលរងជំងឺឆ្លង។ ខាងក្រោមគឺជាវិធីផ្សំថ្នាំពីប្រទាលកន្ទុយក្រពើ សម្រាប់ជួយឲ្យសត្វចិញ្ចឹមគ្រប់ប្រភេទលូតលាស់បានល្អ និងមិនងាយឆ្លងជំងឺ៖ ធាតុផ្សំ៖ ប្រទាលកន្ទុយក្រពើ ៥០g ស្កររងូ ១០ មល មេថ្នាំព្យាបាលសត្វ ១០មល  ទឹកស្អាត …