Home / ព័ត៌មានអន្តជាតិ / រឿងពិតទាំង១០ របស់កូរ៉េខាងជើង

រឿងពិតទាំង១០ របស់កូរ៉េខាងជើង

កូរ៉េខាងជើង គឺជាប្រទេសមួយដែលមនុស្សជាច្រើនចង់ដឹង ចង់ឮ តែកម្រមានអ្នកប្រាថ្នាចង់ទៅកាន់ប្រទេសមួយនេះណាស់។ ថ្ងៃនេះ ភ្នំពេញញូស៍ សូមលើកយករឿងពិតមួយចំនួនជូនប្រិយមិត្តបានជ្រាប៖

  1. តម្រូវឲ្យកាត់សក់តាមម៉ូតដែលបានកំណត់៖ បុរស ស្រ្តីទាំងអស់ ត្រូវកាត់សក់តាមម៉ូតទាំង១៥ដែលបានកំណត់។ ស្រ្តីដែលមិនទាន់ រៀបការអាចកាត់ម៉ូតរាងវែងបន្តិច និងអាចអ៊ុតរួញអង្គាដីបាន។ ចំពោះស្រ្តីរៀបការរួច ត្រូវកាត់សក់ខ្លី។ ចំពោះបុរសវិញក៏ដូចគ្នាដែរ ត្រូវកាត់តាមម៉ូតដែលបានកំណត់ ហើយបុរសវ័យក្មេងអាចខ្លីជាង២សង់ទីម៉ែត្រ តែមិនអាចវែងជាង៥សង់ទីម៉ែត្រទេ។ តែបើបុរសវ័យចំណាស់ អាចទុកបានដល់៧សង់ទីម៉ែត្រ។ គួរកត់សម្គាល់ថា ម៉ូតសក់របស់មេដឹកនាំ Kim Jung-Un មិនមានក្នុងតារាងម៉ូតសក់ទាំង១៥នោះទេ។
  2. ការចំណាយដែលមិនគួរឲ្យជឿ៖ ខុសពីប្រទេសភាគច្រើនលើសលុបនៅលើសកលលោក ប្រទេសនេះតម្រូូវឲ្យឪពុកម្តាយបង់ថ្លៃការសិក្សារបស់កូនតូចៗរបស់ពួកគេ ដោយរាប់ទាំងតុ កៅអី សៀវភៅ ថ្លៃប្រេងសម្រាប់ម៉ាស៊ីនកម្តៅក្នុងរដូវរងារ និងចំណាយនានាជាច្រើនទៀត។ គេឲ្យកូនសិស្សទាំងនោះធ្វើកិច្ចការជាច្រើនមុខហួសហេតុ  រហូតមានមាតាបិតាខ្លះបង្ខំចិត្តសូកលុយគ្រូ ដើម្បីកុំឲ្យកូនខ្លួនធ្វើកិច្ចការទាំងនោះ។
  3. ការឃុំខ្លួនតួសម្តែង Shin Sang-ok និងភរិយា Choi Eun-Hee ៖ នៅឆ្នាំ ១៩៧៨ ដើម្បីថតខ្សែភាពយន្តរបស់ខ្លួន មេដឹកនាំសម័យនោះគឺលោក Kim Jung-Il បានចាប់ខ្លួនលោកShin Sang-ok និងភរិយា Choi Eun-Hee ពីកូរ៉េខាងត្បូងឲ្យមកដើរតួ។ ជាសំណាងល្អ លោកShin Sang-ok និងភរិយា បានលួចរត់រួចនៅឆ្នាំ១៩៨៦។
  4. ការដាក់កំហិតលើប្រព័ន្ធផ្សព្វផ្សាយ ៖ ប្រទេសនេះទាំងមូល មានតែកាសែតមួយ វិទ្យុមួយ និងទូរទស្សន៍តែមួយគត់ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ពួកគេឃោសនានិងផ្សព្វផ្សាយតែអំពីការដឹកនាំរបស់រដ្ឋាភិបាលតែប៉ុណ្ណោះ។  យុវតី  Yeonmi Park បានថ្លែងយ៉ាងខ្សិកខ្សួលប្រាប់ One Young World ដែលត្រូវបានគេយកមកផ្សព្វផ្សាយតាម YouTubeថា នាងបានធំដឹងក្តីក្នុងប្រទេសកូរ៉េខាងជើង នាងមិនដែលបានមើលរឿងស្នេហា គ្មានសៀវភៅ គ្មានបទចម្រៀង ហើយក៏គ្មានកាសែតសម្រាប់អានដែរ។ អ្វីដែលគេចាក់ផ្សាយតាមទូរទស្្សន៍ សុទ្ធតែជាការឃោសនាលាង ខួរក្បាលពួកយើង ឲ្យដើរតាមត្រកូលKim តែប៉ុណ្ណោះ។
  5. មិនអនុញាត្តិឲ្យនិយាយពាក្យថាកូរ៉េខាងជើង ៖  អ្វីដែរអ្នកគួរនិយាយ គឺជាប្រទេសកូរ៉េ ប្រជាជនកូរ៉េ
  6. ភូមិក្លែងក្លាយ ៖ ភូមិ “Kijŏng tong ” មានន័យថាជាភូមិសន្តិភាព។ កូរ៉េខាងជើងបង្កើតភូមិនេះឡើងក្នុងទស្សវត្សន៍ទី៥០។ អាគារជាច្រើន ត្រូវបានគេសាងសង់ឡើង ដោយលាបពណ៌និងតុបតែង យ៉ាងស្រស់បំព្រង ថែមទាំងប្រកាសផ្តល់ ដល់ប្រជាជន២០០គ្រួសារ នូវសេវាសាធារណៈមានដូចជា សាលារៀន មជ្ឈមណ្ឌលថែទាំកុមារ មន្ទីរពេទ្យនានា។ គោលបំណងរបស់ពួកគេ គឺចង់សម្ញែងកូរ៉េខាងត្បូងឲ្យឃើញពីការរស់នៅដ៏អស្ចារ្យរបស់ប្រជាជននៅតំបន់នេះ។ ការពិតគឺផ្ទុយស្រឡះ ពួកគេតភ្ជាប់បណ្តាញអគ្កិសនី ដោយកំណត់ទុកម៉ោងបិទ/បើកភ្លើងដោយស្វ័យប្រវត្ថិ ហើយគេអាចមើលឃើញតាមរយៈកែវយិតថា បង្អួួចនៃអាគារទាំងនោះគ្មានកញ្ចក់ទេ។
  7. កំណត់ការចូលឆ្នាំខុសពីគេ ៖ ខុសផ្លែកពីប្រទេសនានា កូរ៉េខាងជើងបានកំណត់យកថ្ងៃកំណើតរបស់លោក Kim Il-Sung ដែលត្រូវជាជីតារបស់លោកសេនាប្រមុខបច្ចុប្បន្ន ជាឆ្នាំទី១របស់ពួកគេ គឺថ្ងៃ១៥ មេសា ១៩១២។ ដូច្នេះ ការចូលឆ្នាំកាលពីថ្ងៃ១៥ មេសា ២០១៧ កន្លងទៅនេះ ជាការចូលឆ្នាំលើកទី១០៥របស់ពួកគេ។
  8. ទីក្រុងដ៏ស្តុកស្តម្ភ ៖ ព្យុងយ៉ាងជាទីក្រុងធំរបស់ប្រទេសមួយនេះ ដែលមានប្រជាជនប្រមាណ៣លាននាក់។ តែអ្វីដែលចម្លែកនោះ ទីក្រុងមួយនេះ មិនមែនសម្រាប់ប្រជាជនទូទៅនោះទេ គឺវាសម្រាប់តែអ្នកមានទ្រព្យសម្បត្តិ អ្នកមានអំណាច និងនាយទាហ៊ានជាន់ខ្ពស់តែប៉ុណ្ណោះ។ មានការដាក់ពង្រាយកងកម្លាំងយាមកាមនៅតាមព្រំដែននៃទីក្រុងមួយនេះ ដោយមិនអនុញ្ញាត្តិឲ្យប្រជាជនថ្នាក់ទាបចូលបានឡើយ។
  9. ការដាក់ទណ្ឌកម្មសម្រាប់ការមិនសោកសៅ ៖  បន្ទាប់ពីការប្រកាសពីការស្លាប់របស់ប្រមុខដឹកនាំ Kim Jung-Il កាលពីឆ្នាំ២០១២ បុគ្គលិក ទាហាន កម្មករ ចាស់ជរា កុមារតូចត្រូវបង្ហាញភាពសោកសៅ ដែលមានរយៈពេល១០០ថ្ងៃ។ បើគេរក​ឃើញថា អ្នកណាម្នាក់មិនបានយំ ឬមិនមានការសោកសៅគ្រប់គ្រាន់ទេនោះ នឹងមានទោសជាប់ពន្ធនាគារចាប់ពី៦ខែឡើងទៅ ឬក៏បង្ខំឲ្យធ្វើពលកម្មជាទម្ងន់។
  10. អ្នកទេសចរត្រូវបង្ខំឲ្យស្នាក់នៅក្នុងសណ្ឋាគារតែមួយ ៖ សណ្ឋាគារមួយនេះស្ថិតនៅលើកោះ ជាទីកន្លែងដ៏ល្អបំផុតដែលពួកគេងាយឃ្លាំមើល ព្រោះថាភ្ញៀវទេសចរទាំងនោះគេអាចផ្តិតយកទិដ្ឋភាពខ្លះ ដែលគេមិនចង់ឲ្យឃើញ។ ភ្ញៀវទេសចរទាំងនោះ មិនអនុញ្ញាតឲ្យចេញឆ្ងាយពីក្រសែភ្នែកមគ្គុទេសន៍គេទេនៅពេលថ្ងៃ ឯពេលយប់ពួកគេមិនអាចចាកចេញពីសណ្ឋាគារមួយនេះបានឡើយ ទោះក្នុងហេតុផលឬកាលៈទេសៈណាក៏ដោយ។

Loading...

Check Also

ជឿទេថារូបទាំងអស់នេះគឺជារូបថតពិតៗ???

គេច្រើនឃើញរូបគំនូរមួយចំនួួនរបស់វិចិត្រករដៃឯក មានលក្ខណៈរស់រវើកដូចនេះជារូបភាពពិតៗ។ ផ្ទយទៅវិញ គេកម្រឃើញរូបថតពិត ដែលមានលក្ខណៈដូចជារូបគំនូរណាស់។ ស្ទើរតែមិនគួរឲ្យជឿថា រូបថតខាងក្រោមទាំងនេះជារូបថត គ្មានការកែឆ្នៃក្នុងកម្មវិធីPhotoshop នោះទេ  ប៉ុន្តែរូបទាំងនេះត្រូវបានថតដោយអ្នកថតរូបអាជីព ដោយប្រើបច្ចេកទេសជំនួយកាម៉ារ៉ាបន្តិចបន្តួច មានដូចជាការបន្ថែមពន្លឺ ឬដាក់ផ្ទាំងកញ្ចក់ជះពណ៌តែប៉ុណ្ណោះ។ តោះចង់ដឹងច្បាស់ មកក្រលេកមើលរូបទាំងនេះទាំងអស់គ្នា៖ …