Home / Uncategorized / ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា
(អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន)
ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ បើមិនជោគជ័យ គឺបរាជ័យដូច្នេះអ្វីដែលហៅថា យុត្តិធម៌,​ ការស្រឡាញ់, ធម៌មេត្តា​ ឬការអាណិតអាសូរវាមិនអាចកើតមានឡើង នៅក្នុងចន្លោះរវាងយើងនិងសត្រូវជាដាច់ខាត។

ងាកមកមើលប្រវត្តិសាស្រ្ត សម្លឹងមើលពិភពលោក ស្ទើរគ្មានមនុស្សណាម្នាក់ ដែលថាគ្មានគំនិតចង់“ លេបផលម្នាក់ឯង“ នោះទេ ពេលណាក្តី ទីណាក៏ដោយ សុទ្ធតែមានរឿងបែបនេះកើតឡើង។ ឲ្យតែមានការដណ្តើម ត្រូវមានការ(បង្រ្កាប)  ដណ្តើមធំ(បង្រ្កាបធំ) ដណ្តើមតូច“ បង្រ្កាបតូច“ ទោះបីជាត្រូវបង្ហូរឈាមក៏ដោយចុះ។ និយាយរួម របស់យើង, ត្រូវតែជារបស់យើង របស់អ្នកឯង ក៏ត្រូវតែក្លាយជារបស់យើង។ វត្ថុបំណងបែបនេះ  គឺផ្តើមចេញពី ប្រភព “អាត្មានិយម“  នោះឯង ។

អាត្មានិយម វាជាចរិកធម្មជាតិរបស់មនុស្ស ក៏ជាភាពស្មុគស្មាញ ដែលបន្តបន្សល់នៅក្នុងប្រវត្តិសាស្ត្រ។​ ពាក្យថា “មិនលំអៀង មិនអាត្មានិយម” ភាគច្រើន វាគ្រាន់តែជាភាសារនិយាយឲ្យពិរោះស្តាប់របស់មនុស្ស។ ការនិយាយឲ្យពិរោះស្តាប់ វាមិនធ្វើឲ្យខូច
ផលប្រយោជន៍ខ្លួនទេ តែវាអាចប៉ះពាល់ដល់អ្នកដទៃ។

ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប វាជាវិធី“ រហ័សវ៉ៃយឺត“ តែត្រូវវាយរបៀបណា​​​​ គឺត្រូវមើលថា អ្នកដែលត្រូវវាយជាមនុស្សប្រភេទណាមានស្ថានភាពយ៉ាងម៉េច? រឿងបែបនេះមាន កើតឡើងច្រើនណាស់ ឲ្យតែយកចិត្តទុកដាក់តាមដាន ហើយមានការសម្រេចចិត្ត និងស្មារតីឈានទៅមុខ ពិតជាអាចធ្វើបានយ៉ាងល្អ ។

ឱកាសដែលអាចប្រើល្បិចកលនេះមានគ្រប់ពេលវេលា ចំណែកនៅក្នុងប្រវត្តិសាស្រ្ត ដែលបានកត់ត្រាទុក ភាគច្រើនសុទ្ធតែជាប្រភេទរឿងដែលទាក់ទងនិងកិច្ចការយោធា ឬ កិច្ចការនយោបាយ ។ មានដូចជារឿង៖

– លី-ស៊ឺម៉េងដណ្តើមយកក្រុងវូម៉ែនអ៊ូ

– ជឺធៀន កំទេចស្តេចលី

-​ លូវេជិន ប្លន់រាជបល្ល័ងម្ចាស់ក្សត្រី

– ឈឺ-ស៊ី សម្លាប់គួងជូ

– ខុងម៉េង ប្រើបញ្ញាដណ្តើមយកខេត្តហានជុង

– ស៊ឺម៉ាកាយ ប្រើល្បិចចាប់ម៉ឺងតាក់

ទាំងនេះ គឺសុទ្ធតែប្រើវិធី(រហ័សវៃយឺត) ដណ្តើមយកជោគជ័យ។ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតគឺ ប៉ានឆាវបង្រ្កាបតំបន់ ស៊ីអ៊ី

ប៉ានឆាវ នារជ្ជកាលហាន គឺជាយុវជនម្នាក់ដែលមានចិត្តអង់អាច និងសេចក្តីក្លាហាន។ ក្រោយពី “ក្រវាត់ជក“ចោល បំណងចង់ធ្វើខ្លួនឲ្យល្បីឈ្មោះនៅនគរក្រៅជានិច្ច ចង់សម្រេចកិច្ចការអ្វីមួយឲ្យវាល្បីល្បាញខ្ទរខ្ទារដល់ព្រះនគរ ។

ថ្ងៃមួយស្តេចហានបានតែងតាំងគេជាជំនួយការអមលោកគួ ស៊ុន ជារាជទូតទៅនគរស៊ីអ៊ី (ជីងសានបច្ចុប្បន្ន) ដែលជានគរជិតខាង និងជាចំណុចដែលនគរហាន និងនគរសុងលូ  កំពុងតែដណ្តើមគ្នា ។

ស្តេចនគរស៊ីអ៊ីព្រះនាមសឺ នៅក្រោមការគំរាមកំហែងរបស់នគរធំទាំងពីរ ស្តេចសឺមិនអាចសម្រេចចិត្តបានថា គួរចងសម្ព័ន្ធ និងនគរណាមួយឡើយ។ លុះឃើញតំណាងរាជទូតនគរហានមកដល់ ស្តេចសឺទទួលយ៉ាងរាក់ទាក់និងដិតដល់បំផុត ហើយគិតថា៖ និងឆ្លៀតឱកាសនេះកសាងទំនាក់ទំនងជាមួយនគរហានតែម្តង។

មិនបានប៉ុន្មានថ្ងៃផង ភាពរាក់ទាក់បែបនេះ ស្រាប់តែប្រែក្លាយទៅជាសោះអង្គើយ។

ប៉ាន់-ឆាវឃើញសភាពបែបនេះយល់ថាវាខុសប្លែកពីធម្មតា ក៏កើតការសង្ស័យ រួចក៏និយាយទៅកាន់កូនចៅដែលមកជាមួយថា៖

  • ពិតជាចម្លែកណាស់ បងប្អូនមានចាប់អារម្មណ៍ទេ មុននេះស្តេចជីងសាន ទទួលពួកយើងរាក់ទាក់បំផុត ឥឡូវស្រាប់តែផ្លាស់ប្តូរមកសោះអង្កើយ រឿងនេះប្រាកដជាមានមូលហេតុអ្វីហើយ ខ្ញុំគិតថា ប្រហែលជាខាងនគរសុងលូ បានបញ្ជូនរាជទូតមកដល់ទីនេះហើយ ឥឡូវពិតជាកំពុងធ្វើការប្រកួតប្រជែងជាមូយពួកយើងខាងការទូត ដែលធ្វើឲ្យស្តេចជីងសានរារែកក្នុងព្រះទ័យ មិនអាចសម្រេច​ចិត្ត​ ថាតើគួរតែដើរតាមផ្លូវហាន ឬក៏ផ្លូវសុងលូនោះ? ពិសេស ការប្រកាន់ឥរិយាបថរបស់ពួកគេ អាចសំគាល់បានយ៉ាងងាយបំផុត ។

អ្នកទាំងអស់គ្នា ក៏ឯកភាពតាមការការវិភាគរបស់ប៉ានឆាវដែរុំ។ ប៉ាន់-ឆាវ បន្ត៖

  • បើដូច្នេះមែន ពួកយើងកំពុងតែស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ហើយ។

ប៉ាន-ឆាវក៏ប្រញ៉ាប់ហៅអ្នកបំរើដែលជាជនជាតិហ៊ូ ឲ្យចូលមកជួបរួចគំរាម៖

  • យើងមានពាក្យខ្លះសួរឯង ឯងត្រូវឆ្លើយឲ្យបានច្បាស់និងស្មោះត្រង់បំផុត យើងនិងឲ្យរង្វាន់ឯង យ៉ាងពេញចិត្តបំផុត តែបើនិយាយមិនច្បាស់ យើងនិងកាប់ឯងឲ្យដាច់ជាពីរកំណាត់ស្តាប់បានទេ? “​ប្រាប់មក! តើពួករាជទូតសុងលូ មកដល់ប៉ុន្មានថ្ងៃហើយ មានគ្នាប៉ុន្មាននាក់ ឥឡូវស្នាក់នៅកន្លែងណា?

ជនជាតិហ៊ូនេះជាមនុស្សដំឡូងមូល គ្រាន់តែគំរាមប៉ុណ្ណឹង ភ័យឡើងរួញខ្លូនដូចឌុកឌឿ ក៏រៀបរាប់ប្រាប់ប៉ានឆាវអស់។

ស្តាប់ចប់ប៉ានឆាវ យល់ថាសភាពការណ៍ពេលនេះពិតជាធ្ងន់ធ្ងរ ទឹកឡើងដល់ច្រមុះ ភ្លើងឆេះដល់ចិញ្ចើមហើយ ក៏ប៉ុន្តែគេគ្មានតក់ស្លុតបន្តិចបន្ទួចឡើយ ពេលនេះនៅជាមួយគេមានកម្លាំងទ័ពតែ៣៦នាក់ប៉ុណ្ណោះប៉ាន់-ឆាវ ប្រមូលផ្តុំពួកគេទាំងអស់ឲ្យជុំគ្នា។ ហើយក៏បើកអង្គប្រជុំជាបន្ទាន់មួយជាដំបូង គឺចាប់ជនជាតិហ៊ូនោះចងទុកមួយកន្លែង ការពារកុំឲ្យទៅរាយការណ៍ បន្ទាប់មកក៏ក្រាលកន្ទេលអង្គុយផឹកផ្ទាល់ដីតែម្តង ។

កំពុងតែផឹកយ៉ាងសប្បាយស្រាប់តែប៉ាន់ឆាវងើបឈរឡើង រួចនិយាយទៅកាន់អ្នកទាំងអស់គ្នាដោយក្តីរំភើប៖

  • ពួកយើងជាជនជាតិហាន ហេតុអ្វីបានជានាំគ្នាមកដល់វាលខ្សាច់នេះ? គឺចង់សម្រេចកិច្ចការខ្លះដល់នគរ ប្តូរយកផលប្រយោជន៍តិចតួច ក៏ប៉ុន្តែពេលនេះពួកយើងត្រូវឡោមព័ទ្ធហើយ ទៅមុខក៏មិនរួចថយក្រោយក៏មិនកើត។ ពេលទើបមកដល់ ស្តេចជីងគួរសមយ៉ាងណាចំពោះពួកយើងនោះ ទាំងអស់គ្នាដឹងស្រាប់ហើយ ប៉ុន្មានថ្ងៃនេះ ខាងសុងលូក៏បានបញ្ជូនរាជទូតមកដល់ដែរ អាកប្បកិរិយារបស់គេក៏ផ្លាស់ប្តូរទៅជាសោះអង្គើយ។ នេះសរបញ្ជាក់ថា គេពិតជាមានគំនិតមិនល្អចំពោះពួកយើង ហើយបើសិនជាគេដើរមួយជំហ៊ានទៀត គឺចាប់បញ្ជូនពួកយើងទៅនគរសុងលូពិតជាវីវរធំហើយ ដល់ពេលនោះ ពួកយើងពិតជាស្លាប់គ្មានដីកប់ សូម្បីតែសាកសពក៏ត្រូវឆ្កែចចកហែកស៊ីដែរ ស្ថានភាពពេលនេះកាន់តែធ្ងន់ធ្ងរឡើងៗ បងប្អូនទាំងអស់គ្នាជួយគិតមើល តើធ្វើយ៉ាងណាទើបអាចរួចផុតពីមាត់ខ្លាបាន?

ឮនិយាយបែបនេះ អ្នកទាំងអស់គ្នាក៏សម្លឹងមើលមុខគ្នា ក្នុងចំណោមនោះម្នាក់និយាយ៖

  • រឿងរ៉ាវដល់ថ្នាក់នេះទៅហើយ ទុកឲ្យលោកម្ចាស់ជាអ្នកសម្រេចទៅចុះ ។
  • ត្រូវ ! ពួកយើងដើរតាមលោកម្ចាស់ទាំងអស់គ្នា! និយាយព្រមតែម្តង ។

ប៉ាន់-ឆាវ បន្ត៖

  • ពេលនេះមានតែផ្លូវពីរប៉ុណ្ណោះត្រូវជ្រើសរើស ឬមួយក៏រត់ ឬមួយក៏ប្រយុទ្ធ។ តែបើរត់ ក៏រត់រកសេចក្តីស្លាប់ដែរ ព្រោះថាយើងមានគ្នាតែជាង៣០នាក់ប៉ុណ្ណោះ។ សួរថាតើអាចរត់ទៅដល់ទីណា? ខ្លាចមិនទាន់ទាំងបានពាក់កណ្តាលផ្លូវផង ត្រូវសម្លាប់បាត់អស់ទៅហើយខ្ញុំយល់ថាមានតែមធ្យោបាយមួយប៉ុណ្ណោះ គឺត្រូវតែប្រយុទ្ធអ្នកណាវ៉ៃមុនពិតជាឈ្នះ បើយើងមិនចូលរូងខ្លាម្តេចនិងចាប់ខ្លាបាន ទាំងអស់គ្នាយល់ស្របទេ?
  • យល់ព្រម !
  • ល្អយើងដឹងថាពួករាជទូតសុងលូមានគ្នាប៉ុន្មាននាក់ហើយស្នាក់នៅទីណា។ យប់នេះយើងចាត់ការតែម្តង ពេលនោះពួកវានិងស្លន់ស្លោរ ព្រោះឥឡូវនេះ ពួកវាកំពុងបានចិត្តសម្បើមដៃណាស់ មិនស្មានថាពួកយើងមានការសម្រេចចិត្ត និងសកម្មភាពបែបនេះទេដូច្នេះ ពិតជាគ្មានការប្រុងប្រយ័ត្នចំពោះការវាយឆ្មក់របស់ពួកយើងឡើយ ទំរាំតែដឹងគឺវាចប់កិច្ចការបាត់ទៅហើយ ពេល
    ដោះស្រាយពួកអាចោលម្សៀតនេះ ចប់ហើយ  ស្តេចជីងពិតជាយល់ព្រមដើរតាមពួកយើងដោយស្លាប់ចិត្តមិនខាន។ បែបនេះក្តីបំណងរបស់ពួកយើងមិនបានជោគជ័យហើយឬ?

មានម្នាក់ក៏ហារមាត់និយាយ៖

  • រឿងនេះវាធំណាស់ វាប៉ះពាល់ដល់ទំនាក់ទនងការទូត យកល្អគួរតែពិភាក្សាជាមួយលោកម្ចាស់គួរជាមុនសិន

ប៉ាន់-ឆាវ ក្តៅឆេវនិយាយទាំងក្តៅក្រហាយ៖

  • គ្រោះល្អ, គ្រោះអាក្រក់ ជោគជ័យ ឬបរាជ័យគឺសម្រេចគ្នានៅក្នុងយប់នេះឯង។ លោកម្ចាស់គួ ស៊ុន ជាអ្នករៀនសូត្រ​ មានចរិតទន់ខ្សោយ បើគេដឹងរឿងនេះ ពិតជានៅធ្វើសង្រ្គាមត្រជាក់មិនខាន។ ឲ្យតែចូលរឿងចរចារពិភាក្សាពិតជាយប់វែង សុបិន្តច្រើន
    ហើយចៃដន្យផែនការរបស់ពួកយើងត្រូវលេចឮទៅក្រៅមិនវីវរធំទៅហើយ?

ហើយក៏បែរមុខទៅកាន់អ្នកទាំងអស់គ្នា រួចនិយាយថា៖

  • អ្នកទាំងអស់គ្នាយល់ថាត្រូវឬទេ? ហេតុអ្វីយើងត្រូវយកជីវិតរបស់ខ្លួនទៅផ្ញើលើជនម្នាក់ ដែលមិនហ៊ានទាំងអារករមាន់ផងនោះ? ដល់តំណាក់កាលចុងក្រោយទៅហើយ នៅសង្ឃឹមថាអាចចរចារបានឬយ៉ាងម៉េច?
  • ត្រូវ! ស្រែកឯកភាពទាំងអស់គ្នាតែម្តង
  • សម្រេចចិត្តតាមលោកម្ចាស់ ប្រយុទ្ធប្តូរស្លាប់រស់ជាមួយពួកវាឲ្យដឹងស-ខ្មៅម្តង។

ទាំងអស់គ្នាក្តាប់ដៃ ខាំមាត់ ទឹកចិត្តអង់អាចឡើងដល់កំរិត រួចក៏ប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរសម្លៀកបំពាក់ ទាញអាវុធមកកាន់គ្រប់ដៃ រង់ចាំទទួលបញ្ជាចេញដំណើរ។ មិនយូរប៉ុន្មាន មេឃក៏ងងឹត។ ភាពងងឹតមើលអ្វីក៏ឃើញៗតែស្ទុងៗប៉ុណ្ណោះ សន្ធឹកខ្យល់បក់វូៗ កួចខ្សាច់ហើរមកប៉ះពេញមុខកូនប្រុសដ៏អង់អាចក្លាហានមួយក្រុមនេះ បានលបលួចចូលទៅដល់ជំរុំស្នាក់អាស្រ័យ  របស់ពួករាជទូតសុងលូ។ ប៉ាន់ឆាវបានបែងចែកកម្លាំងត្រៀមប្រយុទ្ធជាស្រេចទាំង៣៦នាក់ ចែកចេញជាពីរក្រុម ១០នាក់លាក់ខ្លួន  នៅខាងក្រៅដៃកាន់ស្គរគ្រប់គ្នា ដល់ពេលនោះ
ត្រូវ “វាយកម្លា” ។  ប៉ាន់-ឆាវ ក៏ខ្សឹបប្រាប់ពួកគេ៖

  • ឲ្យតែឃើញក្នុងជំរុំមានភ្លើងឆេះ ត្រូវប្រឹងវាយស្គរ និងស្រែកគំហកកុំឈប់ឲ្យសោះ រហូតទាល់តែទទួលបានជោគជ័យទាំងស្រុងចាំឈប់ ។

ក្រៅពីនេះសល់គ្នាជាងម្ភៃនាក់ ដោះអាវអាក្រាតផ្នែកខាងលើទាំងអស់គ្នា ដៃកាន់កាំបិតក្រោមការដឹកនាំរបស់ប៉ាន់ឆាវ ប្រៀបបាននឹងខ្លាកំណាចចុះពីភ្នំសម្រុកចូលជំរុំពួកសុងលូតែម្តង ដុតជំរុំបណ្តើរស្រែកបណ្តើរ ជួបសេះកាប់ផូង ស្ទាបប៉ះមនុស្ស មានអាវចាក់វិប។ ពេលនេះពួករាជទូតសុងលូទាំងអស់កំពុងតែដេក សុបិន្តនៅក្នុងភួយនៅឡើយ ស្រាប់តែត្រូវសម្លេងវាយប្រហារស្រែកឲ្យភ្ញាក់ ស្លន់ស្លោរពេកក្រៃ​ ក្រឡេកទៅឃើញមនុស្សគ្មានពាក់អាវមួយក្រុម កាប់ឆ្វេង ចាក់ស្តាំ ឮសំឡេងស្គរលាន់ឮដូចរន្ទះ សម្លេងសម្លាប់កងរំពងជ្រែកយប់ងងឹត ចង់បោលតែគ្មានផ្លូវរត់ ចង់ប្រយុទ្ធក៏រកអាវុធមិនឃើញ នៅពីមុខជាខ្លាកំណាច នៅពីក្រោយគឺភ្លើងដ៏សន្ធោរសន្ធៅ ហេតុនេះហើយ ដូចសត្វជ្រូកដែលធ្លាយទ្រុង ខ្លះរត់ទៅលិច ខ្លះបោលទៅកើត ខ្លះត្រូវស្លាប់ដោយភ្លើងឆេះ ខ្លះត្រូវសម្លាប់ដោយកាំបិត តែកន្លះនាក់ក៏រត់មិនរួចដែរ មនុស្សជាងមួយរយនាក់ត្រូវស្លាប់អស់គ្មានសល់។

ដល់ព្រឹកឡើង ប្រមូលកម្លាំងត្រួតពិនិត្យ ឃើញត្រូវរបួសប៉ុន្មាននាក់ដែរ តែនៅគ្រប់ចំនួនទាំងអស់ ពិតជាទៅគ្នា៣៦នាក់ មកវិញ​១៨គូ​មែន។ រួចរាល់អស់ហើយ ទើបយករឿងនេះទៅរាយការណ៍ឲ្យលោកម្ចាស់គួស៊ុន មិនខុសមែនគ្រាន់តែឮភ្លាម ភ្ញាក់ក្រញ៉ាងផ្លាស់ប្តូរទឹកមុខតែម្តង ។

ប៉ានឆាវ យល់ពីចិត្តគំនិតរបស់គេ ក៏បបួលទាំងអស់គ្នាស្រែកព្រមគ្នាថា៖

  • ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកម្ចាស់ យើងបានសំរេចភារៈកិច្ចដ៏ត្រចះត្រចង់ដល់នគរ ។ 

ក្រោយពីបានស្រែកអបអរ​មក ទើបលោកម្ចាស់គួរផ្លាស់ប្តូរទឹកមុខមកជាសប្បាយរីករាយវិញ។ ប៉ាន់-ឆាវ ក៏ដឹកនាំអ្នកទាំងអស់គ្នា ទៅកាន់រាជតំណាក់ស្តេច ជិងសាន រួចបោះក្បាលពួករាជទូតសុងលូ ទៅដីព្រូសបង្ហាញស្តេចជិងសាន ត្រូវធ្វើឲ្យភ័យឡើងស្លេកមុខលោះព្រលឹង សេនាឆ្វេងស្តាំក៏បញ្ឈរភ្នែកស្លាក់វាចារគ្រប់គ្នាដែរ។ តែប៉ាន់-ឆាវ គ្មានអំនួតបន្តិចណាទេ គេប្រើពាក្យទន់ភ្លន់ទៅលួងលោម
និងផ្សព្វផ្សាយជំហរនយោបាយរបស់រាជការហានដល់ពួកគេ ហេតុនេះស្តេចជិង ក៏យល់ព្រមទាំងកាយ សប្បាយទាំងចិត្ត ស្លាប់ទាំងគំនិតដើរតាម ផ្លូវនគរហាននាពេលនោះតទៅ ៕

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី១-សម្លាប់មាន់បំភ័យស្វា

តើអ្វីជាការសម្លាប់មាន់បំភ័យស្វា? ស្វាជាសត្វជាប់លេខខាងកំពូលខូច រឹងរូស ដូច្នេះដើម្បីបង្ហាត់ស្វាបាន គ្រូបង្វឹកត្រូវតែធ្វើយ៉ាងណាឲ្យស្វានោះបាក់ស្បាត នៅក្រោមអំណាចរបស់ខ្លួន។ ស្វាជាសត្វដែលខ្លាចឈាម ដូច្នេះ មុននឹងបង្ហាត់វាគេត្រូវអារកមាន់សម្រក់ឈាម ឲ្យស្វាភ័យជាមុនសិន។ វិធីនេះ ត្រូវបានគេយកមកធ្វើជាយុទ្ធវិធីមួយដ៏ពេញនិយមរបស់ក្រុមអាជីវករ អ្នកជំនួញ និងអ្នកនយោបាយផងដែរ ដែលគេតែងហៅថា …