Home / Uncategorized / ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ល្បិចទល់មេឃភាគ១-ល្បិចទី៣-ព្រួញមួយបាញ់បានសត្វពីរ

ព្រួញមួយបាញ់បានសត្វពីរ បានន័យថា៖ ក្នុងពេលតែមួយប្រើមធ្យោបាយតែមួយ អាចផ្តួលសត្រូវឲ្យបរាជ័យចាប់ពីពីរនាក់ឡើងទៅ ឬក៏អាចទទួលផលប្រយោជន៍ចាប់ពីពីរឡើងទៅ។ ការប្រើប្រាស់ល្បិចកលនេះ មិនធម្មតាទេ ហើយក៏មិនងាយស្រួលដែរ ព្រោះថាល្បិចនេះ គឺយើងត្រូវប្រឈមមុខនិងគូរសត្រូវជាច្រើននាក់ឲ្យតែខ្វះការប្រុងប្រយ័ត្ន ឬធ្វេសប្រហែសតែបន្តិចពិតជាត្រូវជួបគ្រោះអាសន្នធំហើយ ហេតុនេះមុននិងក្រោយនៃប្រតិបត្តិការ ត្រូវការរងចាំពេលវេលា ព្យាយាម និងឪកាសសមស្រប ។
គោលគំនិតនិងសកម្មភាពរបស់មនុស្ស ដែលបែកឆ្វេងមានច្រើនសន្ធឹកសន្ធាប់ណាស់ គឺព្រោះតែផលប្រយោជន៍ និងកេរ្តិ៍ឈ្មោះប៉ុណ្ណោះ។ ដើម្បីវា មនុស្សជាច្រើនបាននឹងកំពុងខំប្រឹងដណ្តើមនៃការប្រជែងពិត ហើយត្រូវតែមានអ្នកឈ្នះ និងអ្នកចាញ់ ។ អ្នកឈ្នះបានសប្បាយហើយមុខខ្លាញ់ ឯអ្នកចាញ់និងក្រៀមក្រំហើយសើចសេះ ឬក៏ត្រូវរងគ្រោះទាំងសងខាង។
ពេលអនុវត្តល្បិចកលនេះ ត្រូវផ្អែកលើគោលការណ៍ ដូចនេះត្រូវស៊ើបឲ្យដឹងនូវស្ថានភាព ចិត្តគំនិត លក្ខខ័ណ្ឌនៃជីវភាពបរិយាកាស ជុំវិញរបស់គូរបដិបក្ខឲ្យបានច្បាស់លាស់ ធ្វើការប្រៀបផ្ទឹមចំណុចដូចគ្នា បើគូរបដិបក្ខជាមនុស្សដែលស្រឡាញ់កេរិ៍្តឈ្មោះ គួរតែផ្តល់ការសរសើរឲ្យបានច្រើន តែបើជាមនុស្សលោភលន់ “ទ្រព្យសម្បត្តិផលប្រយោជន៍” គួរធ្វើចិត្តឲ្យទូលាយ។ តែបើសិនជាគូរបដិបក្ខត្រូវការទាំង “កេរិ៍្តឈ្មោះ” ចង់បានទាំង“ផលប្រយោជន៍” ក្រៅពីការសរសើរ និងធ្វើចិត្តឲ្យទូលាយ ជៀសមិនផុតពីបញ្ចុះពេជ្របន្ថែម
លើចញ្ជៀនដែលពាក់នោះឡើយ។

នេះហើយដែលហៅថា៖ ធ្វើតាមចិត្តឲ្យតាមចង់គោលបំណង គឺមិនឲ្យគូរបដិបក្ខកើតការសង្ស័យ តែបើទោះជាមានការសង្ស៍យ ក៏មិនដល់ថ្នាក់ពាក់មុខយក្សដាក់គ្នាភ្លាមៗដែរ ធ្វើបែបនេះ គេហៅថាការចៀនត្រីឲ្យឆ្អិនតាមសម្រួល រង់ចាំដល់ពេលវេលាដែលសមស្របនិងទុំជោរហើយបញ្ចេញស្នៀតពិសពុល រកលេសបង្កើតបញ្ហាអុជអាលឲ្យភាគីទាំងប៉ុន្មាន កើតការក្តៅក្រហាយដាក់គ្នារុញឲ្យ
ប្រយុទ្ធយកស្លាប់រស់តែម្តងពេលនោះ យើងអាចអង្គុយគងអន្ទាក់ខ្លា មើលខ្លាខាំគ្នារង់ចាំរើសយកឆ្អឹង ព្រលាត់យកស្បែកខ្លាដោយត្រជាក់ចិត្ត។ មនុស្សដែលឆ្លាតបំផុត ក្រោយសម្លាប់មនុស្សហើយ អាចឲ្យក្បាលដែលធ្លាក់ទៅដីចេះស្រែកថា(អរគុណ) ចំពោះខ្លួនទៀតផង។

(ប្រវត្តិជាក់ស្តែង) ក្នុងសម័យឈុវ-ឈីវ (មុនគ.ស.៧៧០ដល់៤៧៦) ជនមានអំណាចខ្លាំងនៅក្នុងនគរឈី មានបីរូប៖ ១. ឈ្មោះធៀន-ខាយជាង, ២. ឈ្មោះកូវ-ជីយឺប៉ី, ៣. ឈ្មោះកុង-ស៊ុនជា។ ជនទាំងបីទទួលការស្រឡាញ់យ៉ាងខ្លាំងពីព្រះរាជានៃនគរ អ្នកទាំងបីបានសុំគ្នាធ្វើជាបងប្អូនធម៌ ហើយបានប្រសិទ្ធនាមខ្លួនឯងថា៖ (អ្នកក្លាហានទាំងបីនៃអាណាចក្រឈី) ពួកគេសម្អាងលើសិទ្ធិ អំណាច ដើររាតត្បាតតាមអំពើចិត្ត  ក្នុងកែវភ្នែករបស់ពួកគេគ្មានចាត់ទុកអ្នកណាស្មើឡើយ សូម្បីតែនៅចំពោះមុខព្រះភ័ក្រព្រះអង្គ ក៏សឹងប្រើពាក្យហៅ“ យើង-ឯង” ទៅហើយ។

ពេលនោះមន្រ្តីបះបោរឈឹន-អ៊ូយី, លៀង-ឈីវជី ។ល។ បានឆ្លៀតឱកាសទិញទឹកចិត្តពួកទាំងបីនេះ ដើម្បីរួមគំនិតក្បត់ផ្តួលរំលំរាជបល្ល័ង្គ   ដណ្តើមអំណាច។ លោកឧបរាជអាន់ពី ពិតជាទាស់ភ្នែកណាស់ ដោយឃើញថា ស្ថានភាពអាក្រក់បែបនេះ ចេះតែរីករាលដាលធំឡើងៗ ដែលពិតជានឹងផ្តល់គ្រោះថ្នាក់ដល់នគរ លោកមានការព្រួយបារម្ភគ្រប់ពេលវេលា លោកឧបរាជយល់ច្បាស់លាស់ថា៖ កម្លាំងខ្លាំងរបស់ពួកទាំងនេះ គឺឋិតនៅលើកម្លាំងទ័ព។ មេទ័ពទាំង៣ គឺអាត់៣ ច្រើនលើកហើយដែលលោកឧបរាជមានបំណងកំចាត់ពួកទាំងនេះចោល តែពួកនេះកំពុងទទួលការស្រឡាញ់ពីព្រះអង្គ ព្រះអង្គពិតជាមិនយល់ស្របតាមឡើយ និងបារម្ភថា អាចនិងស្រោចគល់វិញទៀតផង ។
មានថ្ងៃមួយនោះព្រះរាជាលូ-ចាវកុង ដែលជានគរជិតខាងបានដឹកនាំមន្រ្តីមួយចំនួន ដែលរួមមានលោកស៊ឺ-លី និងស៊ូ-ស៊ុនជូ ។ល។ មកសួរសុខទុក្ខនិងសុំចូលគាល់ព្រះរាជានៃនគរឈី ព្រះរាជាក៏បញ្ជាឲ្យរៀបចំពិធីជប់លៀងមួយដើម្បីទទួលភ្ញៀវ ហើយក៏បានអញ្ជើញលោកឧបរាជ អាន-ពី និងសព្វមុខមន្ត្រីចូលរួមពីធីផងដែរ។ ដើម្បីបង្ហាញនូវកិត្យានុភាព ក្នុងនោះក៏មានជនខ្លាំងទាំង៣ ក្នុង ឯក សណ្ធាន ជាមេទ័ពយ៉ាងសង្ហា នៅកំដរឆ្វេងស្តាំទៀតផង។

ការជល់កែវបីជុំបានកន្លងផុតទៅ លោកឧបរាជអាន់ ក៏សុំយោបល់ពីព្រះរាជា ៖ ក្រាបទូលព្រះអង្គ ផ្លែសេដាមាសនៅក្នុងសួនមានទុំខ្លះហើយ កម្រនិងមានឱកាស ដែលមានពីធីបែបនេះណាស់ តើអាចបេះខ្លះដើម្បីយកមកជូនភ្ញៀវដែរឬទេ? ក្រាបទូល?

ព្រះរាជាក៏យល់ព្រម ហើយចាត់អ្នកយាមសួនទៅបេះ តែលោកឧបរាជឃាត់ហើយនិយាយថា៖ ក្រាបទូលព្រះអង្គ ផ្លែសេដាមាសគឺជាផ្លែឈើទិព្វដ៏មានតម្លៃចាំបាច់ទូលបង្គំទៅបេះដោយផ្ទាល់ដៃចុះ ធ្វើដូច្នេះទើបសក្តិសមនូវតម្លៃរបស់វា។ មួយសន្ទុះក្រោយ សេដាមាសមួយចំនួនក៏បាន បេះ មកដល់ ហើយយកទៅដាក់លើតុផ្លែសេដាមាសមួយៗធំប៉ុនចានគម ក្រអូបឈ្លុយឈ្ងប់គួរឲ្យស្រក់ទឹកមាត់។

ពេលនោះព្រះរាជាសួរ៖ មានតែប៉ុន្មានផ្លែប៉ុណ្ណឹងទេឬ ?
លោកឧបរាជឆ្លើយ៖ ក្រាបទូល នៅសល់ប៉ុន្មានផ្លែទៀតដែរតែមិនទានទុំ មានទុំតែ៦ផ្លែនេះប៉ុណ្ណោះ ។

ព្រះរាជាទាំងពីរអង្គ ក៏យកមួយម្នាក់មកសោយ  ហើយសរសើរថាពិតជាឆ្ងាញ់អស្ចារ្យមែន ។

ព្រះរាជានគរឈី មានបន្ទូលទៅកាន់លោក ស៊ូ-សុនជូ៖ នេះជាផ្លែសេដាមាស ដែលកម្រមាន លោកម្ចាស់ស៊ូមានឈ្មោះបោះសម្លេងគ្រប់ទិសទីមានគុណបំណាច់ ចំពោះចំណងមិត្តភាពរវាងនគរទាំងពីរ យើងប្រទានឲ្យលោកម្ចាស់មួយផ្លែ ។

លោកម្ចាស់ស៊ូលុតជង្គង់គ្រឹបហើយតប៖ ទូលបង្គំម្តេចនឹងស្មើលោកឧបរាជអាន់នោះ? ផ្លែឈើទិព្វនេះ គួរតែប្រទានឲ្យគាត់ទើបស័ក្តិសម ។
ព្រះរាជាញញឹមហើយមានបន្ទូល៖ បើអ្នកទាំងពីរចេះតែរុញគ្នាទៅវិញទៅមកបែបនេះ ណ្ហើយយើងប្រទានម្នាក់មួយផ្លែទៅចុះ ។

ពេលនេះនៅសល់ផ្លែសេដាមាសពីរតែប៉ុណ្ណោះ លោកឧបរាជអាន-យី យល់ថា ឱកាសមកដល់ហើយ ក៏សុំការអនុញ្ញាតិពីព្រះរាជា
ផ្សព្វផ្សាយដល់សព្វមុខមន្រ្តីឲ្យគេទាំងឡាយ លើកអំពីគុណបំណាច់រៀងៗខ្លួនកន្លងមក ចំពោះអ្នកដែលមានគុណបំណាច់ច្រើនលើស គេនឹងត្រូវបានប្រទានផ្លែសេដាមាសនេះឲ្យបរិភោគ ។

ពេលនោះមេទ័ពកុង-ស៊ុនជា ងើបក្រេះបង្ហាញខ្លូនភ្លែតចេញវាចារដោយអំនួត និយាយឡើងបែកពពុះមាត់៖ កាលពីឆ្នាំមួយនោះ ខ្ញុំបានទៅបរបាញ់សត្វជាមួយព្រះអង្គនៅភ្នំតុងសាន ហើយបានសម្លាប់ខ្លាកំណាចដ៏ធំមួយដោយផ្លាល់ដៃ ការពារបានអាយុជីវិតរបស់ព្រះអង្គ តើគុណបំណាច់នេះធំឬមិនធំ?
លោកឧបរាជ អាន់ ប្រញ៉ាប់តបភ្លាម៖ ការពារអាយុជីវិតព្រះអង្គ គុណបំណាច់នេះ ពិតជាធំធេងត្រូវតែទទួលការប្រទាន!

មេទ័ព កុង-ស៊ុនជា ទទួលផ្លែសេដាមាសមកទំពារ យ៉ាងខែងរែង ព្រមទាំងវាសភ្នែកសម្លឹងជុំវិញខ្លួនមួយត្រួសដោយក្រសែភ្នែកអំនួត។
ពេលនោះមេទ័ពកូវ-ជីយី ក៏ដណ្តើមងើបឈរហើយនិយាយ៖ សម្លាប់ខ្លាមានអីគួរឲ្យអស្ចារ្យ? ឆ្នាំមួយនោះនៅក្នុងរលកខ្មួរខ្មាញ់
នៃទន្លេវ៉ាងហ៊ឺ យើងត្រូវលេចអណ្តែតជាច្រើនយោជន៍តែយើងនៅតែយើង នៅអាចសម្លាប់អណ្តើកយក្សដ៏ធំមួយក្បាល
រំដោះព្រះអង្គផុតពីសេចក្តីស្លាប់ តើគុណបំណាច់នេះយ៉ាងម៉េចដែរ ?
ពេលនោះព្រះអង្គក៏មានបន្ទូល៖ ពិតជាពិបាកនឹងធ្វើឲ្យដូចណាស់ ពេលនោះបើសិនជាគ្មានលោកមេទ័ពទេ មនុស្សមួយទូកច្បាស់ជាត្រូវលិចស្លាប់ទាំងអស់គ្នាមិនខាន។ ហើយក៏ប្រទានផ្លែសេដាមាស និងស្រាដល់មេទ័ព កូវ ទៀតផង ។

ស្រាប់តែដូចខឹងទុកពីកាលណាមេទ័ពធៀន-ខាយជាង ហាក់មួម៉ៅ ក្តៅក្រហាយក្នុងខ្លួនពោលទាំងមួហ្មង៖ យើងធ្លាប់ទទួលបញ្ជាឲ្យវាយនគរយី ចាប់បានឈ្លើយសឹករាប់រយពាន់នាក់ បង្ខំឲ្យនគរយីចុះចាញ់ ល្បីកក្រើករំពងដល់នគរជិតខាង ធ្វើឲ្យបាក់បបខ្លបខ្លាចនាំគ្នាមកថ្វាយសួយសារអាករជាបន្តរបន្ទាប់ ប្រែក្លាយនគរទៅជាមេសម្ព័ន្ធ តើបែបនេះអាចរាប់ថាជាគុណបំណាច់បានដែរឬទេ? អាចទទួលការប្រទានបានឬទេ? និយាយចប់ក៏វាសភ្នែក សម្លឹងជុំវិញ ហាក់បង្ហាញឲ្យឃើញថាគូនកនខ្លួន មិនអាចស្មើនិងខ្លួនបានឡើយ ។

លោកឧបរាជអាន់ ក៏ប្រញ៉ាប់ប្រញ៉ាល់ទូលព្រះរាជា ៖ ក្រាបទូលព្រះអង្គ តាមការរៀបរាប់គុណបំណាច់របស់លោកមេទ័ពធៀន ពិតជាធំធេងជាងលោកមេទ័ពកុង-ស៊ុនជា និងកូវ-ជីយីដប់ដង ឯណោះ តែគួរឲ្យស្តាយណាស់ផ្លែសេដាមាស បានប្រទានអស់ទៅហើយ តើអាចប្រទានស្រាមួយកែវ ជំនួសសិនចាំពេលផ្លែសេដាមាសទុំ ចាំប្រទានសងជាក្រោយតើយ៉ាងម៉េចដែរក្រាបទូល ។

ព្រះអង្គដឹងថាមេទ័ពធៀន កំពុងអាក់អន់ចិត្តខ្លាំងណាស់ ក៏ខំប្រឹងប្រែងជួយលួងលោមដោយមានបន្ទូលថា៖ គុណបំណាច់របស់លោកមេទ័ពធៀន ពិតជាធំធេងជាងអ្នកណាទាំងអស់ ស្តាយតែលោកមេទ័ពមានប្រសាសន៍ក្រោយគេទៅហើយ…….។

ពេលនេះ មេទ័ពធៀន-ខាយជាង ស្ពឹកមុខ ហ៊ឹងស្លឹកត្រចៀក ស្តាប់អីក៏លែងចូលដែរ ក្តាប់ដាវខឹងឡើងញ័រដៃ ហើយស្រែកដោយខឹងសម្បា៖ សម្លាប់ខ្លាប្រហារអណ្តើកមានអីគួរឲ្យអស្ចារ្យ? ដើម្បីព្រះនគរ យើងធ្លាប់ធ្វើដំណើររាប់រយពាន់យោច ប្រឡូកក្នុងសមរភូមិ
ទទូលបានជោគជ័យរាប់មិនអស់ តែបែរជាមិនបានទទួលការយកចិត្តទុកដាក់ទៅវិញ ហើយថែមទាំងត្រូវទទួលការអាម៉ាស នៅចំពោះ មុខសព្វមុខមន្ត្រីនៃនគរទាំងពីរ ត្រូវគេសើចយំ តើមានមុខមាត់ឯណារស់តទៅទៀត? សឹងមិនទាន់ចប់ប្រយោគ អូសដាវខ្វាក ដាច់បំពង់ករស្លាប់មួយរំពេច ។

មេទ័ពកុង-ស៊ុនជា ភ្ញាក់ក្រញ៉ាងដូចគេធាក់ទាញដាវ លោតភ្លែកចេញមកក្រៅ ហើយនិយាយដោយការអៀនខ្មាស៖ ពួកយើងមានគុណបំណាច់តិចតួច បែរជាទទួលការប្រទាន ចំណែកលោកមេទ័ពធៀន មានគុណបំណាច់ធំធេង តែមិនបានទទួលការប្រទានផ្លែសាដាមាសទៅវិញ គិតឲ្យសព្វទៅ ពិតជាគួរឲ្យអៀនខ្មាស់ណាស់…. វាសដាវភ្លែត ក៏បញ្ចប់ជីវិតតែម្តង។

កូវ-ជីយី ក៏លោតចេញមកដែរ ពោលទាំងក្តីរន្ធត់៖ យើងទាំង៣ គឺជាបងប្អូនធម៌នឹងគ្នា បានស្បថសច្ចារហើយថានឹងរួមសុខទុក្ខស្លាប់រស់ជាមួយគ្នា ពេលនេះអ្នកទាំងពីរបានស្លាប់បាត់ទៅហើយ តើខ្ញុំម្តេចនឹងអាចលួចរស់ម្នាក់ឯងទៅកើត? ចប់សំដី-ក្បាលក៏ដាច់ធ្លាក់ដែរ

រឿងរ៉ាវកើតឡើងតែមួយពព្រិចភ្នែកប៉ុណ្ណោះព្រះរាជាចង់ខាត់ក៏មិនទាន់ដែរ ។ ចាប់ពីពេលនោះមក ទើបលោកឧបរាជអាន់ អាចកំចាត់ពួកប៉ះបោលបានដោយគ្មានឧបសគ្គ សម្រេចបាននូវគោលបំណងតបស្នងសងគុណដល់នគរ។ នេះហើយការប្រើល្បិបាញ់ព្រូញមួយ
បានសត្វពីរដ៏វាងវៃរបស់លោកឧបរាជអាន់ពី៕

ឯកសារដើម៖ ល្បិចទល់មេឃភាគ១

Loading...

Check Also

ល្បិចទល់មេឃភាគ១-ល្បិចទី២- បង្រ្កាបមុនដើម្បីឈ្នះ

ល្បិច(វាយមុនឈ្នះ) ឬ(ធ្វើសកម្មភាពមុនដើម្បីបង្រ្កាប) គឺជាការិះរកមធ្យោបាយដណ្តើមឱកាសឲ្យបានមុន ឲ្យរហ័សជាងគូរប្រកួតមួយជំហ៊ាន តែមិនមែនបានន័យថា ជាការប្រកួតប្រជែងដោយសន្តិវិធី (អ្នកទៅដល់មុនឈ្នះ) នោះទេ ក៏ពុំមែនក្នុងស្មារតីព្រមព្រៀងគ្នា (អ្នកទៅដល់មុនជាស្តេចអ្នកទៅដល់ក្រោយជាមន្រ្តី) ក៏ទេដែរ​ ពីព្រោះ(បង្រ្កាបមនុស្ស) ដើម្បីឈ្នះគឺត្រូវតែ(ធ្វើសកម្មភាពមុន) ពេលនោះ ធម្មតាទេវាត្រូវតែមានការប្រយុទ្ធគ្នា ដ៏ស្វិតស្វាញមួយ …