Home / ផេ្សងៗ / វីធីសន្សំសំចៃសាំង ១០ ចំណុចងាយៗ ដែលអ្នកបើកបរគ្រប់រូបគួរដឹង!

វីធីសន្សំសំចៃសាំង ១០ ចំណុចងាយៗ ដែលអ្នកបើកបរគ្រប់រូបគួរដឹង!

ផ្តោតលើ​វិធី ១០ ចំណុច​ងាយៗ​ទាំងនេះ​ដើម្បី​សន្សំ​លុយ​លើ​ថ្លៃ​សាំង ហើយ​លោកអ្នក​អាច​យកលុយ​នោះ​ទៅ​ចំណាយ​លើ​របស់​ចាំបាច់​ផ្សេងទៀត​។ វា​ក៏មាន​ប្រសិទ្ធភាព​សម្រាប់​ប្រភេទ​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត ដែរ​។ 

១. ចេញដំណើរ ៨ គីឡូម៉ែត្រ​ដំបូង​រថយន្ត​ស៊ីសាំង​ច្រើន គួរ​ធ្វើយ៉ាងណា​?
​ពេល​រថយន្ត​ចត​ច្រើន​ម៉ោង ម៉ាស៊ីន​នឹង​ចុះ​ត្រជាក់ ហើយ​ពេល​បើកបរ​ចេញពី​កន្លែង​ចត វា​នឹង​ស៊ីសាំង​ច្រើន​នៅ​ចម្ងាយ ៨ ទៅ ១០ គីឡូម៉ែត្រ​ដំបូង​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ធ្វើដំណើរ​ទៅ​ទី​នៅ​កន្លែង​ជិត​ទេ គួរ​បើកបរ​បន្តទៀត ដូចជា ចេញទៅ​ទិញ​នេះ ទិញ​នោះ​បន្ថែមទៀត ព្រោះ​បើ​ចត​នៅក្រោម​ចម្ងាយ ៨ គីឡូម៉ែត្រ ក៏​វា​នៅតែ​ស៊ីសាំង​ស្មើ ៨ ទៅ ១០ គីឡូម៉ែត្រ​ដដែល​។ អ៊ីចឹង​ទេ គួរតែ​បើកបរ​ក្នុង​រង្វង់ ៨ ទៅ ១០ គីឡូម៉ែត្រ​ធ្វើ​អ្វី​ផ្សេងៗ កុំឱ្យ​ខាត​សាំង​។​

២. កុំ​បើកបរ​នៅ​ម៉ោង​ស្ទះចរាចរណ៍​ខ្លាំង​
លោកអ្នក​ច្បាស់​ជា​ត្រូវ​ចំណាយ​សាំង​ច្រើនណាស់ ពេល​បើកបរ​នៅ​ម៉ោង​ស្ទះចរាចរណ៍​ខ្លាំង​។ គួរ​រង់ចាំ​ពេល​ផ្លូវ​ទូលាយ​បន្តិច សឹម​ធ្វើដំណើរ​។ 

៣. បិទ​បង្អួច​ឱ្យ​ជិត (​បើ​ដំបូល​មាន​បង្អួច ក៏ត្រូវ​បិទ​ដែរ​)
​ពេល​បើក​ក្នុង​ទីក្រុង​ពុំ​សូវ​មាន​បញ្ហា​ទេ ប៉ុន្តែ​នៅពេល​បើកបរ​ផ្លូវ​ឆ្ងាយ​ក្នុង​ល្បឿន​លឿន ហើយ​បើក​បង្អួច វា​នឹង​ធ្វើឱ្យ​ម៉ាស៊ីនរថយន្ត​ប្រឹង​ខ្លាំង ដោយសារ​ខ្យល់​បក់​ចូល​ពេញ​តួ​រថយន្ត ធ្វើឱ្យ​រថយន្ត​ប្រឹង​បោល​ទៅមុខ ដូច្នេះ​ប្រេង​ក៏​ស៊ី​តាម​នេះដែរ​។ រថយន្ត​នីមួយៗ​សុទ្ធតែ​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​កម្លាំង​ខ្យល់​រួចជាស្រេច​ដើម្បី​សន្សំសំចៃ​ប្រេង​។​

៤. ដក​ឧបករណ៍​ដាក់​អ៊ី​វ៉ាន់​ចេញពី​លើដំបូល​
ផ្ទុក​របស់របរ​នៅលើ​ដំបូល បានត្រឹមតែ​ធ្វើឱ្យ​ខ្យល់​ទាញ​រថយន្ត​ថយក្រោយ ហើយ​រថយន្ត​នឹង​ប្រឹង​បរ​ទៅមុខ​ខ្លាំង ហើយ​ប្រេង​ក៏​នឹង​ហិនហោច​តាម​នោះដែរ​។​

៥. កុំ​ផ្ទុក​អីវ៉ាន់​ធ្ងន់​ឥត​បានការ​
​មុននឹង​បើកបរ ឆែក​មើលថា​តើ​លោក​អ្នកមាន​ផ្ទុក​របស់​ធ្ងន់​ឥតប្រយោជន៍​តាម​ខ្លួន​ឬក៏​អត់ ព្រោះ​រថយន្ត​ដែល​ទ្រ​ទម្ងន់​កាន់តែ​ធ្ងន់​កាន់តែ​ស៊ីសាំង​។ 

៦. កុំ​ជាន់​ល្បឿន​កប់ ហើយ​ដក​វិញ ញឹកញាប់​ពេក​
បើ​មិនចាំបាច់​ទេ កុំ​វ៉ា​រថយន្ត​ដទៃ ដោយ​គ្រាន់តែ​ចង់​បើក​នៅ​ពីមុខ​គេ​នោះ​។ ប្រសិនបើ​លោកអ្នក​ជាន់​កប់ៗ ហើយ​ដក​មកវិញ​ឃ្សុយ វា​នឹង​ធ្វើឱ្យ​ម៉ាស៊ីន​ស៊ីសាំង​ដូច​ផឹកទឹក​អ៊ីចឹង​។ រក្សា​ល្បឿន​ឱ្យ​ថេរ រថយន្ត​នឹងមិន​ស៊ីសាំង​ដូច​ផឹកទឹក​ឡើយ​។ 

៧. កុំ​ប្រឹង​តែ​ជាន់​ល្បឿន ពេល​រថយន្ត​បាន​ថមថយ​ល្បឿន​
​ពេល​បើក​ដល់​កន្លែង​បន្ថយល្បឿន ត្រូវ​បង្ហើប​ជើង​ពី​ឈ្នាន់​ល្បឿន​សន្សឹមៗ រួច​សាង​លេខ​ឡើងវិញ ហើយ​ជាន់​ឈ្នាន់​ល្បឿន​តាម​ដំណើរ ទើប​ម៉ាស៊ីន​មិន​ប្រឹង​ខ្លាំង​។ បើ​រថយន្ត​បើក​ដល់​កន្លែង​បន្ថយល្បឿន ហើយ​ចង់​បង្កើនល្បឿន​ទៅមុខ ចូរ​កុំ​ជាន់​តែ​ឈ្នាន់​ល្បឿន​ឱ្យ​កប់ ព្រោះ​វា​ស៊ីសាំង​សម្បើម​ណាស់​។ 

៨. បិទ​ម៉ាស៊ីនត្រជាក់​
ប្រសិនបើ​លោកអ្នក​បើកបរ​នៅ​ខែរងា​ទេ គួរ​បិទ​ម៉ាស៊ីនត្រជាក់​ដើម្បី​សន្សំសំចៃ​សាំង​។ ពេល​បើក​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​នឹង​ប្រឹង​ខ្លាំង ហើយ​វា​នឹង​ស៊ីសាំង​តាម​លទ្ធភាព​របស់​វា​។ 

៩. រក្សា​ល្បឿន​ថេរ     ​
បើ​លោកអ្នក​គិតថា ផ្លូវ​ចម្ងាយ ២០០ គីឡូម៉ែត្រ បើក​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នឹង​ទៅដល់​គោលដៅ​មុន ២០ នាទី ហើយ​វា​ជាការ​សន្សំ​សាំង គឺជា​រឿង​យល់​ខុស​ទាំងស្រុង​។ ការបង្កើន​ល្បឿន​កាន់តែ​លឿន គឺ​ស៊ីសាំង​កាន់តែច្រើន​។ រក្សា​ល្បឿន​កំណត់​ជាក់លាក់​មួយ (​ឧ​. ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) ទោះ​ទៅដល់​គោលដៅ​យឺត​ជាង ២០ នាទី តែ​មិន​ចំណាយ​សាំង​ច្រើន ដូច​ជាន់​កប់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះឡើយ​។​

១០. ឆែក​សម្ពាធ​ខ្យល់​កង់​ឱ្យបាន​ទៀងទាត់​
បើកបរ​ទាំង​កង់​ធូរ គឺ​កាន់តែ​ស៊ីសាំង ដូច្នេះ​គួរ​ពិនិត្យ​សម្ពាធ​ខ្យល់​ឱ្យបាន​ទៀងទាត់​ផង បើ​មាន​កង់​ណាមួយ​ធូរ ត្រូវ​សប់​បំពេញ​ឡើងវិញ​៕

Loading...

Check Also

បារមីផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ

ខេត្តកំពង់ឆ្នាំង៖ លើកំណាត់ផ្លូវជាតិលេខ៥ ភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរ ខេត្តកំពង់ឆ្នាំង ក្នុងចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ (ស្ថិតនៅខាងស្តាំដៃ បើធ្វើដំណើរពីភ្នំពេញ ទីកាន់កំពង់ឆ្នាំង) មានផ្ទះថ្មមួយខ្នង ដែលត្រូវបានអ្នកភូមិប្រសិទ្ធនាមថា​ ជាផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធ។  ផ្ទះខ្មោចសក្តិសិទ្ធ ឬអាស្រមសក្តិសិទ្ធនេះ …