Home / កម្មវិធីសំខាន់ / វីធីសាស្រ្តដាំជីររណា

វីធីសាស្រ្តដាំជីររណា

ការដាំ​ជីរ​រណារ ឬ​ជីរ​បន្លា​បានក្លាយជា​មុខរបរ​បន្ថែមមួយក្រៅ​ពី​ការ​ធ្វើ​ស្រែ​ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​របស់​ប្រជាកសិករប្រមាណជា៥០គ្រួសារដែលរស់នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ពួកគាត់និយម​ដាំ​ដំណាំ​មួយប្រភេទ​នេះ ព្រោះថា​វា​ងាយ​ស្រួល​ដាំ និង​ងាយ​ថែទាំ ហើយ​ឆាប់​បាន​ផល ដោយ​ប្រើ​រយៈពេល​ប្រមាណ ៤​ខែ​កន្លះ ដោយគាត់ច្រើនដាំនៅ​លើ​ដី​លំនៅឋាន និង​ដី​ស្រែ​ក្បែរ​ផ្ទះ​របស់​ពួក​គាត់។

ជីរ​រណារ ឬ​ហៅ​ថា​ជីរ​បន្លា គឺ​ជា​ប្រភេទ​បន្លែ​គ្រឿង​ផ្សំ​មួយ​ប្រភេទ​ដែល​មាន​ក្លិន​ឆ្ងុយ​ប្រហើរ និង​មាន​រសជាតិ​ឆ្ងាញ់​ពិសារ។ ការ​ដាំ​ជីរ​រណារឬជីរ​បន្លានេះ ​អាច​ដាំ​បាន​ពីរ​របៀប៖

១- ការ​ដាំ​ដោយ​សាប​គ្រាប់​នៅ​លើ​ថ្នាល។ មុន​នឹង​សាប​កូន ត្រូវ​ភ្ជួរ​ដី​ហាល​វា​ឲ្យ​បាន ៣​ដង​ទៅ ៤​ដង​ក្នុង​មួយ​ខែ រួច​យក​ជីគីមី​ឈ្មោះ ជី ១៨-៤៦ រោយ​ពី​លើ​រង ឬ​ដាក់​ជី​លាមក​សត្វ​ក៏​បាន។ បន្ទាប់​មក​យក​គ្រាប់​ជីរ​រណារ​សាប​លើ​រង​ទទឹង​ប្រមាណ​មួយ​ម៉ែត្រ ហើយ​ចាក់​ទឹក​ពី​លើ​ឲ្យ​សើម​ល្មម រួច​យក​ធាង​ដូង ឬ​ស្បៃ​អ៊ុយ គ្រប​ពី​លើ​ប្រមាណ ១៥​ថ្ងៃ ចាំ​បើក​វា​ចេញ។

​ពេល​បើក​វា​ចេញ ត្រូវ​យក​ស្បៃ​អ៊ុយ​ចង​បាំង​ពី​លើ​ជីរ​ដែល​សាប​កម្ពស់ ១​ម៉ែត្រ​កន្លះ ដើម្បី​ឲ្យ​វា​ត្រជាក់ និង​មាន​ខ្យល់​ចេញ​ចូល​បាន​គ្រប់គ្រាន់ ហើយ​ចាក់​ទឹក​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ។ ក្រោយ​ពី​យើង​ដាំ​ជីរ​បានប្រមាណជា ៣​ខែ ទើប​វា​ហុច​ផល​ឲ្យ​យើង។ ការ​ថែទាំ​វា ដោយគ្រាន់តែត្រូវ​រោយជីរ​ស ឬ​ជី​អ៊ុយរ៉េ​បន្តិចបន្តួច ហើយ​ដក​ស្មៅ​វា​ឲ្យ​ស្អាត ហើយ​ក្ដិច​ផ្កា​វា​ចោល​ខ្លះ ដោយ​ទុក​ឲ្យ​ផ្កា​មួយៗ​បាន​ហើយ ទើប​វា​ផ្ដល់​ផល​បាន​ច្រើន

២- ការ​ដាំ​ដោយ​សាប​គ្រាប់​នៅ​លើ​ថ្នាល បាន១​ខែ​កន្លះចាំ​ដក​វា​យក​ទៅ​ដាំ​នៅ​លើ​ថ្នាល។ វិធី​នេះ ចំណាយ​ដើមទុន​តិច ហើយ​បាន​ផល​ច្រើនជាង​វិធី​ទី​១ ប៉ុន្តែ​វា​លំបាក​ជាង​វិធី​ទី​១ ព្រោះ​ត្រូវ​ចំណាយ​ពេល​ដក​កូន​យក​ទៅ​ដាំ។

ការគ្របស្បៃគឺជាការ​ចាំបាច់ ព្រោះ​ថា​ជីប្រភេទនេះ​ត្រូវ​ក្ដៅ​មិន​ល្អ​ទេ។ ជីរ​រណារនេះអាចលក់បានទាំងស្លឹក និងគ្រាប់ បើលក់បោះដុំស្លឹកវាមាន​តម្លៃ ១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម ឯ​គ្រាប់​ជីរ​រណារ​តម្លៃ​ចន្លោះ​ពី ១០​ម៉ឺន​រៀល​ទៅ ១២​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូក្រាម៕

ដកស្រង់ពី៖ វិទ្យុអាស៊ីសេរី

Loading...

Check Also

គន្លឹះងាយៗ ដែលធ្វើឲ្យអ្នកក្លាយជាសិស្សឆ្នើម នៅឆ្នាំសិក្សាថ្មីនេះ

សិស្សទូទៅក៏ដូចជាមាតាបិតាសិស្ស តែងចង់ឲ្យខ្លួនពូកែនៅក្នុងការសិក្សា ដើម្បីមានកេរ្តិ៍ឈ្មោះជាសិស្សឆ្នើម ជួយលើកមុខមាត់ក្រុមគ្រួសារវង្សត្រកូល ជាពិសេស គឺឈានទៅសម្រេចបានជោគជ័យធំៗក្នុងជីវិត។ ខាងក្រោមវាជាគន្លឹះងាយៗទេ តែវានឹងធ្វើឲ្យប្អូនៗក្លាយជាសិស្សឆ្នើមបាន ៖ ១- មើលមេរៀនជាមុន៖ មិនថាពេលនេះ ប្អូនជាសិស្សខ្សោយប៉ុណ្ណានោះទេ ការអានមេរៀនមុនពេលគ្រូបង្រៀន មានប្រយោជន៍ណាស់ …