Home / ព័ត៌មានក្នុងស្រុក / សូមបួងសួងដល់វត្ថុសក្តិសិទ្ធ ជួយឲ្យ Dr Beat Richner ឆាប់បានជាសះស្បើយ

សូមបួងសួងដល់វត្ថុសក្តិសិទ្ធ ជួយឲ្យ Dr Beat Richner ឆាប់បានជាសះស្បើយ

ក្នុងនាមជាកូនខ្មែរ សូមលើកម្រាមដៃ១០ បួងសួងដល់វត្ថុសក្តិសិទ្ធគ្រប់ទិសទី មេត្តាជួយឲ្យពរជ័យដល់ Dr Beat Richner ឆាប់បានជាសះស្បើយក្នុងពេលឆាប់ៗនេះផង។

និយាយដល់ឈ្មោះលោកRichner ប្រជាពលរដ្ឋគ្រប់ស្រទាប់តែងតែស្គាល់លោក និងចាត់ទុកលោកជាកំពូលវីរៈបុរសដ៏ឆ្នើមមួយរូបរបស់ប្រជារាស្រ្តកម្ពុជា បើទោះបីជាលោកជាជនបរទេសក៏ដោយ។

លោក Beat Richner កើតនៅ​ថ្ងៃទី១៣ មិនា​ ១៩៤៧ នៅ Zurichប្រទេសស្វីស។ លោកបានក្លាយជាវេជ្ជបណ្ឌិតមួយរូប នៅមន្ទីពេទ្យកុមារZurich។​ គាត់ត្រូវបានកាកបាទក្រហមស្វីស ចាត់បញ្ជូនឲ្យមកបំរើការនៅមន្ទីពេទ្យកុមារគន្ធបុប្ផាតាំងពីឆ្នាំ១៩៧៤ រហូតមកដល់របបខ្មែរក្រហម ទើបលោកបានត្រលប់ទៅប្រទេសរបស់លោកវិញ។

នៅក្នុងឆ្នាំ១៩៩១ លោកបានត្រឡប់មកទឹកដីកម្ពុជាម្តងទៀត និងបានឃើញពីភាពខ្ទេចខ្ទាំរបស់ប្រទេសដ៏តូចមួយនេះ។ លោកបានត្រូវស្នើដោយអង្គព្រះមហាក្សត្រ ឲ្យបង្កើតមន្ទីពេទ្យកុមារគន្ធបុប្ផាឡើងវិញ​ ដើម្បីជួយព្យាបាលជំងឺកុមារកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។​ មន្ទីពេទ្យកុមារគន្ធបុប្ផាបានបង្កើតម្តងទៀត រហូតមកដល់ពេលនេះបានកើនឡើងដល់៥ទីតាំងហើយ នៅទូទាំងប្រទេសកម្ពុជា។

ជារៀងរាល់ឆ្នាំកុមារកម្ពុជាមិនតិចជាងកន្លះលាននាក់ទេ ដែលទទួលបានការព្យាបាលដោយ ឥតគិតថ្លៃ ពីមន្ទីពេទ្យមួយនេះ។ ជិតបីទស្សវត្សន៍នេះ លោក Richner បានចំណាយទាំងពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជាពិសេសពាក់កណ្តាលជីវិតចុងក្រោយរបស់់គាត់ ដើម្បីបុព្វហេតុកុមារ កម្ពុជាដោយគ្មានល័ក្ខខ័ណ្ឌ។ លោកធ្លាប់ទម្លាយពីអារម្មណ៍របស់គាត់ថា គាត់នឹងមិនរៀបការទេ ព្រោះបើគាត់រៀបការគាត់នឹងមិនអាចជួយកុមារកម្ពុុជាឲ្យអស់ពីលទ្ធភាពដូចជាពេលនេះទេ។

ថ្មីៗនេះប្រជាពលរដ្ឋកម្ពុជាដ៏ច្រើនលើសលប់ មានការរន្ធត់ចិត្តជាខ្លាំងដែលទទួលបានដំណឹងថា​លោក Richner កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់។ ដោយជំងឺមានសភាពធ្ងន់ធ្ងរពេក លោកបានប្រកាសលាឈប់ពីមន្ទីពេទ្យគន្ធបុប្ផា នឹងផ្ទេរតំំណែងជូន Dr Peter Studerជំនួសវិញ។

យើងជាប្រជារាស្រ្តខ្មែរមានតែម្រាមដៃដប់ លើកប្រណមបួងសួងដល់បុណ្យ​បារណីនៃព្រះត្រៃយរតន៍ អតីតព្រះមហាក្សត្រខ្មែរគ្រប់អង្គ កុសលផលបុណ្យដែលលោកបានសន្សំ ព្រមទាំង​វត្ថុសក្តិសិទ្ធទាំងអស់នៅលើលោកនេះ តាមបីបាច់ថែរក្សាលោកពីគ្រោះកាចទាំងឡាយ និងឆាប់បានជាសះស្បើយជាក់ជាមិនខាន៕

Loading...

Check Also

ក្រសួងធនធានទឹក ស្នើឲ្យប្រជាពលរដ្ឋតាមដងទន្លេប្រុងប្រយ័ត្ន

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យបានដឹងថា មានកូនព្យុះមួយឈ្មោះថា តាឡាស ជាព្យុះទី៤ប្រចាំឆ្នាំ២០១៧នេះ កំពុងស្ថិតក្នុងសមុទ្ទចិនខាងត្បូង។ កូនព្យុះនេះនឹងភ្ជាប់ខ្លួនទៅនឹងសម្ពាធទាប លាតសន្ធឹងលើអាងទន្លេមេគង្គក្នុុងប្រទេសថៃ និងឡាវ នៅថ្ងៃទី១៧ កក្កដា ២០១៧នេះ។ ដោយឡែកនៅកម្ពុជា ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ …