Home / កម្មវិធីសំខាន់ / សុខភាព / ស្វែងយល់ពី ជំងឺខ្វះគ្រាប់ឈាមក្រហម

ស្វែងយល់ពី ជំងឺខ្វះគ្រាប់ឈាមក្រហម

តើអ្វីជាជំងឺខ្វះគ្រាប់ឈាមក្រហម?

ជំងឺនេះកើតឡើង នៅពេលរាងកាយយើង ផលិតគ្រាប់ឈាមក្រហមមិនបានគ្រប់គ្រាន់ ពោលគឺមានកម្រិតទាបជាងធម្មតា។ ជំងឺនេះ ភាគច្រើនបណ្តាលពីកង្វះសារធាតុដែកនៅក្នុងខ្លួន។ ខ្លួនយើង ត្រូវការជាតិដែក ដើម្បីបង្កើតប្រូតេអ៊ីនម្យ៉ាងដែលមានឈ្មោះថាហេម៉ូក្លូប៊ីន (hemoglobin) ដែលវាមានមុខងារសំខាន់ ក្នុងការបញ្ជូនអុកស៊ីហ្សែន ចូលទៅក្នុងរាងកាយ ជាពិសេសគឺជួយជាលិកានិងសាច់ដុំ​ដំណើរការបានល្អប្រសើរ។ វាមានន័យថា បើខ្លួនយើងខ្វះជាតិដែក ធ្វើឲ្យអុកស៊ីហ្សែនក្នុងខ្លួនរបស់យើង ក៏មិនគ្រប់គ្រាន់ដែរ។

រោគសញ្ញា៖ 

  • អស់កម្លាំង រហិតរហៃ ឆាប់ហត់ ដង្ហក់​ ស្លេកស្លាំង ម៉ួម៉ៅច្រើន
  • ឈឺក្បាល វិលមុខ ឬសន្លប់រយៈពេលខ្លី
  • ការចងចាំចុះខ្សោយ គិតយឺត មានជំងឺបាក់ទឹកចិត្ត
  • ចង់ចំណីអាហារខុសប្រក្រតី ដូចជា ដីឥដ្ឋ ចាន ទឹកកក ជាដើម
  • ត្រជាក់ចុងដៃ ចុងជើង ស្ពឹក
  • បេះដូងដើរខុសប្រក្រតី
  • ក្រចកផុយ ងាយបាក់ ឬរសកក្រចក ជ្រុះសក់

ដោយសារជំងឺនេះមានលក្ខណៈសមញ្ញបែបនេះ ទើបមនុស្សជាច្រើន មិនបានចាប់អារម្មណ៍ពីអាការៈនៃជំងឺនេះទេ។ ពេលខ្លះ ពួកគេមានរោគសញ្ញានៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំ ដោយមិនមានការព្យាបាលឲ្យបានត្រឹមត្រូវ។

ជនងាយរងគ្រោះ៖ ជំងឺខ្វះគ្រាប់ឈាមក្រហមអាចកើតមានទាំងបុរសនិងស្រ្តី គ្រប់វ័យ និងគ្រប់តំបន់ ជាពិសេសស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ។ ដែលរួមមាន៖

  • ស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ និងស្រ្តីទើបសម្រាលកូនរួច
  • អ្នកដែលតមអាហារហួសហេតុ
  • អ្នកបរិច្ឆាគឈាមញឹកញាប់ពេក
  • ទារក ឬកុមារ ជាពិសេសក្មេងដែលកើតមុនខែ
  • អ្នកទទួលទានម្ហូបបួស ដែលមិនបានបំពេញបន្ថែមនូវអាហារដែលសម្បូរជីជាតិដែក
  • អ្នកមានជំងឺពោះវៀន និងអ្នកដែលត្រូវទទួលទានថ្នាំមួយចំនួន ដែលធ្វើឲ្យបាត់បង់ឈាម មានដូចជា ថ្នាំព្យាបាលមហារីក អាស្ពេរីនជាដើម

ការព្យាបាល៖ ជាទូទៅ ការព្យាបាលវាមានលក្ខណៈសមញ្ញ និងងាយស្រួយ

  • ទទួលទានអាហារដែលមានជាតិដែកខ្ពស់ មានដូចជា សាច់(ក្រហម) បន្លែមានស្លឹកបែតងចាស់ ត្រកួន គ្រាប់ធញ្ញជាតិ ជាដើម។
  • ទទួលទានថ្នាំជំនួយជាតិដែក
  • ប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត និងធ្វើការពិនិត្យឈាមជាប្រចាំ

ហានិភ័យ៖ បើទោះជំងឺនេះ មើលទៅដូចជាស្លូត មិនផ្តល់នូវគ្រោះថ្នាក់ធ្ងន់ធ្ងរក្តី តែបើយើងធ្វេសប្រហែសមិនព្យាបាលឲ្យបានត្រឹមត្រូវ វាអាចនាំទៅដល់គ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ វាអាចនាំទៅដល់ជំងឺបេះដូងដើរខុសចង្វាក់ ផលវិបាកក្នុងពេលពរពោះ កូនកើតមុនខែ កុមារលូតលាស់មិនបានល្អ ។ល។​ និង ។ល។

សូមកត់ចំណាំ៖ មានការព្យាបាលមួយចំនួន មិនទទួលបានជោគជ័យល្អ ដោយមិនបានដឹងពីកត្តាដូចខាងក្រោម

  • គួរពិសារជាតិដែក រួមជាមួយវីតាមីនសេ ព្រោះវីតាមីនសេនឹងជួយរាងកាយស្រូបយកជាតិដែកឲ្យបានច្រើន
  • មិនគួរទទួលទានជាតិដែក ជាមួយនឹងអាហារដែលមានជាតិកាល់ស្យូម តែ និងកាហ្វេទេ។ សារធាតុទាំងនេះ វាប្រឆាំងគ្នា ដែលធ្វើឲ្យរាងកាយមិនអាចស្រូបយកសារធាតុនិមួយៗបានល្អទេ។ បើអាច គួររក្សាគម្លាតពីគ្នា១៥នាទី។

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …