Home / កម្មវិធីសំខាន់ / សុខភាព / ១២ចំណុច ធ្វើឲ្យអ្នកមានកូនសុខភាពល្អ និងឆ្លាតវៃ

១២ចំណុច ធ្វើឲ្យអ្នកមានកូនសុខភាពល្អ និងឆ្លាតវៃ

រាល់គូស្វាមី-ភរិយា តែងប្រាថ្នាចង់បានបុត្រដែលមានសុខភាពល្អ មានប្រាជ្ញាឆ្លាតវៃ។ តើត្រូវធ្វើយ៉ាងណា ដើម្បីសម្រេចនូវបំណងប្រាថ្នាមួយនេះ? ១២ចំណុចខាងក្រោម អាចជួយអ្នកបាន៖

១. ហ្វូលីតអាស៊ីត៖ នៅមុនពេលមានផ្ទៃពោះ គួរបរិភោគអាហារដែលមានហ្វូលីតអាស៊ីតជារៀងរាល់ថ្ងៃ។ សារធាតុនេះ ជួយបង្កើតគ្រាប់ឈាមក្រហម និងជួយដល់ការលូតលាស់នៃខួរក្បាលរបស់ទារក ដែលជាទូទៅ វាមាននៅក្នុងគ្រាប់ធញ្ញជាតិ បន្លែពណ៌បៃតងចាស់  និងផ្លៃក្រូច។ អ្នកគួរទទួលទានបន្ថែម ថ្នាំគ្រាប់ហ្វូលីតអាស៊ីត 400mcg ជារៀងរាល់ថ្ងៃ និងបន្តរហូតដល់ចុងត្រីមាសទី១នៃការមានគក៌ជាការប្រសើរ។

២. ពិនិត្យសុខភាព៖ មុនពេលមានគក៌៣ខែ ត្រូវពិនិត្យសុខភាព និងប្រឹក្សាយោបល់ជាមួយគ្រូពេទ្យ ពីល័ក្ខខ័ណ្ឌផ្សេងៗ៖

  • ការចាក់ថ្នាំបង្ការនានា និងពិនិត្យប្រដាប់បន្តពូជជាដើម
  • របបអាហារ និងអាហារបំប៉ននានា
  • ដោះស្រាយបញ្ហាសុខភាព ដែលកំពុងមាន
  • តើថ្នាំអ្វីខ្លះដែលគួរ និងមិនគួរទទួលទាន?

៣. ពិនិត្យសុខភាពមាត់-ធ្មេញ៖ បើមិនបានគិតឲ្យដល់ វាហាក់ដូចជាមិនសូវពាក់ព័ន្ធ និងយល់ថា ជារឿងមិនសំខាន់។ ការពិត ការមានផ្ទៃពោះ បង្កើននូវហានិភ័យដល់អញ្ចាញនិងធ្មេញខ្លាំងណាស់ ព្រោះទារកនឹងស្រូបសារធាតុកាល់ស្យូមក្នុងខ្លួនម្តាយ ដើម្បីការលូតលាស់របស់គេ។ ត្រូវប្រាកដថា អញ្ចាញនិងធ្មេញអ្នកមានសុខភាពល្អ មុនពេលមានផ្ទៃពោះ។ បញ្ហាមាត់ ធ្មេញខ្លះ បានបណ្តាលឲ្យទារកកើតមុនពេល ហើយនិងមានមេរោគធ្ងន់ធ្ងរខ្លះ អាចសម្លាប់ទាំងម្តាយនិងទារកទៀតផង។

៤. យកចិត្តទុកដាក់លើបញ្ហាទម្ងន់៖ ការខ្វះ ឬលើសទម្ងន់អាចជាមូលហេតុនៃការពិបាកបង្ករកំណើត។ ការលើសទម្ងន់ ក៏នឹងធ្វើឲ្យម្តាយប្រឈមទៅនឹងបញ្ហាសុខភាព រួមមានជំងឺទឹកនោមផ្អែម លើសឈាម និងឈឺពោះរយៈពេលយូរជាដើម។ ការហាត់ប្រាណរក្សាទម្ងន់ ជារឿងល្អបំផុតសម្រាប់អ្នកដែលចង់មានបុត្រ។

៥. ទម្លាប់ហាត់ប្រាណជាប្រចាំ៖ ការដើរ ធាក់កង់ និងហែលទឹក សុទ្ធតែជាលំហាត់ប្រាណដ៏ល្អ ជួយដល់សុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលកូនងាយស្រួល។ នៅត្រីមាសទី២-៣ ត្រូវគិតអំពីលំហាត់ប្រាណទ្វារមាស និងឆ្អឹងខ្នង ។

៦.​ គិតអំពីគន្លឹះនានាក្នុងការថែរក្សាគក៌៖ រៀបចំការងារ និងរកគន្លឹះដើម្បីសម្រួលការងារ ដែលអាចមានហានិភ័យដល់ទារក។

៧. កំណត់របបអាហារសម្រាប់ទារក៖ អ្វីដែលល្អបំផុត ទាំងស្រ្តីនិងបុរសគួរជ្រើសរើសអាហារសុខភាព។ អ្នកត្រូវបរិភោគអាហារ មានប្រូតេអ៊ីន ជាតិដែក កាល់ស្យូម និងអាស៊ីតហ្វូលីក។ ដូច្នេះត្រូវទិញផ្លែឈើ បន្លែ បន្លែបៃតង សណ្តែក គ្រាប់ធញ្ញជាតិនានា ដោយកាត់បន្ថយនំផ្អែម អាហារញ៉ាំលេង ទឹកផ្អែមចេញ។

៨. កញ្ចប់ថវិកាបំរុងសម្រាប់ទារក៖ អ្នកត្រូវគិតអំពីផែនការសន្សំប្រាក់ សម្រាប់ចំណាយលើសំភារៈទារកដូចជា ខោទឹកនោម សំលៀកបំពាក់ អាហារទារក រទេះ កៅអីសុវត្ថិភាព របស់របរលេង ។ ត្រូវគិតជាមុន រកអ្នកដែលអាចជំនួសដៃជើង ក្នុងពេលចាំបាច់ និងការចំណាយខ្លះទៀត ដែលកើតឡើងជាយថាហេតុ។

៩. អាហារដែលមានជាតិកាហ្វេអ៊ីន៖ មិនមែនថាត្រូវឈប់ទាំងស្រុងនោះទេ តែត្រូវកម្រិតបរិមាណមិនឲ្យលើសពី ២០០មល ក្នុង១ថ្ងៃ។

១០.  បញ្ឈប់ការជក់បារី៖ បុរស-ស្រ្តីជក់បារីធ្វើឲ្យពិបាកក្នុងការបង្ករកំណើត។ ជាងនេះទៀត ការជក់បារី ឬស្តិតមជ្ឈដ្ឋានជក់បារី ក្នុងពេលមានផ្ទៃពោះ អាចបង្កើនហានិភ័យនៃការរលូតកូន កូនកើតមុនពេល និងទារកខ្វះទម្ងន់ ព្រមទាំងប្រឈមនឹងជំងឺម្យ៉ាងគឺស្លាប់ភ្លាមៗទៀតផង។ ដូច្នេះទាំងបុរស-ស្ត្រី ត្រូវតែបញ្ឈប់ការជក់បារី ប្រសិនជាអ្នកពិតស្រលាញ់ក្រុមគ្រួសារអ្នក។

១១. ជៀសវាងសុរា៖ មន្ត្រីសុខាភិបាលប្រទេសអង់គ្លេស បានបញ្ជាក់ថា សម្រាប់ស្រ្តីមានផ្ទៃពោះ ការសេពគ្រឿងស្រវឹង ទោះក្នុងបរិមាណណាក៏ដោយ ក៏អាចប៉ះពាល់សុវត្ថិភាពទារកបានដែរ ជាពិសេសនៅក្នុងត្រីមាសដំបូង។

១២. ស្វែងយល់រាល់បញ្ហានានា៖ អានអត្ថបទពាក់ព័ន្ធការមានផ្ទៃពោះ យល់ដឹងពីសុខភាពម្តាយ-ទារក បញ្ហានានាដែលអាចនឹងប្រឈម និងការត្រៀមរៀបចំជាមុនជាដើម។ ការចុះឈ្មោះជាមួយគេហទំព័រនានា ដើម្បីទទួលបាននូវព័ត៌មានថ្មីៗ ជាវិធីដ៏ពេញនិយម សម្រាប់ឳពុកម្តាយក្នុងសម័យទំនើបនេះ៕

Loading...

Check Also

វីីតាមីន៥ +​​ រ៉ែ៣ ជួយសុខភាពសក់ (A-E + ZIP)

  មនុស្សជាច្រើនយល់ថា សក់មានតួនាទីសំខាន់ ក្នុងការជួយលើកសម្ផស្សឲ្យនៅក្មេងស្រស់ស្អាត។ ដូច្នេះយើងគួរយកចិត្តទុកដាក់លើរបបអាហារណា ដែលជួយដល់សុខភាពក្បាលនិងសក់ ជាជាងការប្រើប្រាស់សារធាតុគីមី ដែលអាចប៉ះពាល់ដល់សុខភាពរាងកាយទាំងមូលនោះ។ កង្វះសារធាតុបំប៉នមួយចំនួន ជាបញ្ហាធ្វើឲ្យសក់ជ្រុះ ឆាប់ស្កូវ និង ស្ងួតបែកចុងជាដើម។ ខាងក្រោម គឺជាសារធាតុអាហារដែលជួយទ្រទ្រង់ការលូតលាស់របស់សក់៖ វីតាមីនអេ …